ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យប៊ែលធី (Beltei International University) អន្តរជាតិសរុប ១,១៨៣នាក់ ក្នុងនោះមាននារី ៦៣៥នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះមានសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្រៅពីការប្រគល់សញ្ញាបត្រ ក៏មានពិធីប្រកាសផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា»ផងដែរ។ សៀវភៅ «ហ៊ុន សែន កម្ពុជា» ដែលត្រូវបានចាប់ផ្តើមស្រាវជ្រាវនិពន្ធ កាលពីខែសីហា ឆ្នាំ២០១៥ ហើយបានបញ្ចប់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័ប៊ែលធីនាព្រឹកនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប៊ែលធី មិនត្រឹមតែបណ្តុះបណ្តាលថ្នាក់កម្រិតឧត្តមសិក្សាប៉ុណ្ណោះទេ ថែមទាំងបានបណ្តុះនូវចំណេះដឹងទូទៅប្រកបដោយគុណភាពដល់កូនខ្មែរយើងផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរផងដែរចំពោះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ Beltei ដែលបានខិតខំបណ្តុះបណ្តាលនិស្សិតទាំងពីចំនួនតិចតួចរហូតដល់មាននិស្សិតសិក្សារាប់ម៉ឺននាក់ និងធ្វើអោយពួកគេទទួលបានការងារធ្វើជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័ប៊ែលធីដែលកន្លងមកបានផ្តល់នូវអាហារូបករណ៍ដល់ សម្តេចតេជោ ដើម្បីផ្តល់អោយនិស្សិតក្រីក្រយើងបានសិក្សារៀនសូត្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍អំពីសារសំខាន់នៃគោលនយោបាយបើកទូលាយនៃវិស័យអប់រំឯកជន ដែលមានសារសំខាន់បំផុតក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសធ្វើអោយធនធានមនុស្សរបស់យើងកាន់តែមានភាពល្អប្រសើរ។ សម្តេចតេជោ បានជំរុញអោយនិស្សិតជ័យលាភីទាំងអស់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសដើរអោយទាន់បច្ចេកវិទ្យា និងបដិវត្តឧស្សាហកម្មទី៤ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ។
ក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលបានខិតខំប្រលងសម្រេចនូវភាពជោគជ័យ ទោះបីជាពេលប្រឡងនោះ យើងបានជួបនូវគ្រោះទឹកជំនន់ក៏ដោយ។ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលដែលបានចូលរួមយ៉ាងសកម្មចាត់វិធានការដោះស្រាយ និងជួយដល់បងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកជំនន់កន្លងទៅថ្មីៗនេះ។ សម្តេចតេជោបានបញ្ជាក់ថា នៅថ្ងៃទី ៧ តុលាខាងមុខនេះ សម្តេច នឹងអញ្ជើញជួបជាមួយសិស្សនិន្ទេស (A) ចំនួន៤៤៣នាក់ នៅវិមានសន្តភាព ដើមលើកទឹកចិត្ត និងផ្តល់រង្វាន់លើកទឹកចិត្តដល់ពួកគេ។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកពីថ្ងៃដែលប្រទេសកម្ពុជាបានចាប់ផ្តើមធ្លាក់ចូលក្នុងរបបវាលពិឃាត សម័យប៉ុលពត ដែលពេលនោះប្រជាជនក្នុងទីក្រុងភ្នំពេញទាំងអស់ត្រូវបានគេជម្លៀសទៅទីជនបទ ហើយពេលនោះទីក្រុងភ្នំពេញគឺគ្មានមនុស្សនៅ។ កម្ពុជាត្រូវជួបរបបវាលពិឃាតរហូតដល់ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបយើងបានរំដោះប្រទេសជាតិពីរបបដ៏ឃោឃៅនេះវិញ ហើយចាប់ផ្តើមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិពីបាតដៃទទេរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយក្តីមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំរបស់ប្រទេសកម្ពុជា ដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យ ដែលពេលនោះការចាប់ផ្តើមនៃវិស័យអប់រំរបស់យើងគឺផ្តើមពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ រហូតដល់ពេលបច្ចុប្បន្ននេះ យើងមានគ្រូបង្រៀន និងអ្នកជំនាញជាច្រើនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានការពារសណ្តាប់ធ្នាប់ និងសុវត្ថិភាពយ៉ាងល្អប្រសើរដល់បងប្អូនប្រជាពលរដ្ឋក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ។ សម្តេចតេជោក៏បានអរគុណផងដែរចំពោះសាលារាជធានីភ្នំពេញដែលបានផ្តល់រថយន្តក្រុងចំនួន១២០គ្រឿង ក្នុងការជួយដឹកបងប្អូនប្រជាពលរដ្ឋ និងកម្មករកម្មការិនីទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ ដែលមានអ្នកធ្វើជាង២៣,០០០នាក់ ដោយមិនមានការបង់ថ្លៃ តាមរថយន្តក្រុងក្នុងពេលភ្ជុំបិណ្ឌកន្លងមកនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាមានកត្តាចំនួន៤ ដែលបានធ្វើអោយបងប្អូនប្រជាពលរដ្ឋមានឱកាសសប្បាយរីករាយក្នុងពិធីបុណ្យទានធំៗដូចជាបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំជាដើមគឺ៖
ទី១) កត្តាសុខសន្តិភាព គឺពិតជាមានតម្លៃខ្លាំងណាស់ក្នុងការផ្តល់ឱកាសអោយបងប្អូនប្រជាពលរដ្ឋ បានដើរកម្សាន្តគ្រប់ទីកន្លែង។
ទី២) កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាផ្លូវធ្វើដំណើរ ស្ពានឆ្លងកាត់ទន្លេ ទាំងទីក្រុង និងជនបទ។
ទី៣) គឺប្រជាពលរដ្ឋយើងមានមធ្យោបាយធ្វើដំណើរ គ្រប់ៗគ្នា ដែលយ៉ាងហោចណាស់ក៏មានត្រឹមម៉ូតូផងដែរ។
ទី៤) គឺប្រាក់ចំណូលរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានកំណើន ជាពិសេសប្រាក់ខែមន្ត្រីរាជការយើងក៏ត្រូវបានតម្លើងជាបន្តបន្ទាប់។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី៩ ខែវិច្ចិកា ឆ្នាំ២០១៩ ខាងមុខដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ហើយបន្តរហូតមកដល់បុណ្យអុំទូក អកអំបុក និងសំពះព្រះខែនោះ គឺយើងយកថ្ងៃនោះជាថ្ងៃ ហូបអំបុកទាំងអស់គ្នាទូទាំងប្រទេស គឺ ” ហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ “ ។
ទាក់ទងទៅនឹងការការប្រកាសផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា» សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណក្រុមការងារស្រាវជ្រាវបង្កើតសៀវភៅនេះឡើង ក្នុងការចងក្រងឯកសារជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ និងគោលនយោបាយបង្រួបបង្រួមជាតិ និងអភិវឌ្ឍប្រទេសពីគំនរបាក់បែកដោយសារសង្គ្រាម និងការបំផ្លាញខ្ទេចខ្ទីក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីទុកជាឯកសារដ៏មានតម្លៃបំផុតជូនដល់សិស្ស-និស្សិត និងអ្នកសិក្សាគ្រប់មជ្ឈដ្ឋានរបស់យើង។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានជូនពរដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមទទួលបានជោគជ័យក្នុងការសិក្សា និងការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀត។ បន្ទាប់មក សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធី ក្នុងបរិយាកាសរីករាយ និងស្និតស្នាល ក្រៃលែង៕