ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់​ត្រូវបានស្លាប់​នៅក្នុងបន្ទប់មួយ នៅក្នុងវត្ដគីរីមង្គល សង្កាត់អូស្មាច់

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ ស្រ្ដីវ័យចំណាស់ម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់អង្កុងជើងផ្កាប់មុខ នៅក្នុងបន្ទប់មួយនៅក្នុងវត្ដគីរីមង្គល កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិអូស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ជា ជូ ភេទស្រី អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិច្រេស ឃុំត្រពាំងរុន ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

ក្រោយទទួលបានព័ត៌មាន ភ្លាមៗ កម្លាំងជំនាញក្រុង បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ កម្លាំងជំនាញការិយាល័យខេត្ត និង នឹងគ្រូពេទ្យពេទ្យខេត្ត ចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យ ឃើញមានស្នាមចេញឈាមតាមច្រមុះ និងនៅលើក្បាល, រាងកាយពុំមានស្លាកស្នាមរបួសអ្វីដែលគួរឲ្យកត់សម្គាល់ឡើយ ដោយសង្ស័យជាជំងឺរលាកក្រពះ។

បើតាមការបំភ្លឺពីចៅអធិការវត្ត ព្រះនាម ពេជ្រ បួយ ព្រះជន្ម ៣៣វស្សា ស្នាក់នៅក្នុងវត្តគិរីមង្គលអូរស្មាច់ បានឲ្យដឹងថា កាលពីចុងឆ្នាំ២០១៨ មានឈ្មោះ ភារុណ ភេទប្រុស រស់នៅភ្នំពេញ បាននាំម្តាយឈ្មោះ ជា ជូ (ជាមនុស្សមានជំងឺ និងមានស្មារតីមិនប្រក្រតី) មកស្នាក់នៅក្នុងវត្ត ដើម្បីឲ្យលោកជួយព្យាបាលជំងឺតាមបែបអបិយជំនឿ តែដោយស្ថានភាពជំងឺមិនប្រែប្រួល លោកក៏បានឲ្យឈ្មោះ ភារុណ ជូនម្តាយគាត់ទៅព្យាបាលនៅពេទ្យសុរិន្ទ ប្រទេសថៃ តែស្ថានភាពជំងឺគាត់នៅតែដដែល ព្រោះគាត់មិនព្រមលេបថ្នាំតាមកំណត់ពេទ្យក្រោយមក នៅខែឧសភា ឆ្នាំ២០១៩ ឈ្មោះ ភារុណ ក៏បានត្រឡប់ទៅធ្វើការនៅភ្នំពេញវិញ ដោយទុកម្ដាយគាត់ឲ្យស្នាក់នៅក្នុងវត្ត និងបានផ្តាំផ្ញើឲ្យព្រះអង្គជួយមើលថែផង លុះនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១១និង៣០នាទី ព្រះអង្គបានប្រើកូនសិស្សឲ្យយកបាយទឹកទៅជូន ឈ្មោះ ជា ជូ ដូចសព្វមួយដង បានបន្តិច ស្រាប់តែឃើញកូនសិស្សគាត់រត់ត្រឡប់មកវិញ ហើយប្រាប់ថាៈ យាយជាជូ មិនស្រួលហើយ ឃើញគាត់អង្គុយ ផ្កាប់មុខផ្អែកជញ្ជាំង ហៅក៏មិនឆ្លើយដៃជើងរឹងអស់ហើយ ឮដូច្នោះព្រះអង្គក៏រត់ទៅមើល និងបានដឹងថា ឈ្មោះ ជា ជូ បានស្លាប់បាត់ទៅហើយ បន្ទាប់មកក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់។

ក្រោយសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចក៏បានប្រគល់ឲ្យក្រុមគ្រួរសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៉ែន នួន


ចែករំលែក៖