ភ្នំពេញ៖ ស្ត្រីម្នាក់ បានរត់ទាំងទឹកភ្នែកទៅប្ដឹងនគរបាលប៉ុស្តិ៍ទំនប់ទឹក ឲ្យជួយធ្វើអន្តរាគមន៍ ខណៈដែលកូនប្រុសរបស់គាត់ញៀនថ្នាំហួសកម្រិតបណ្ដាលឲ្យបាត់បង់ស្មារតី បានធ្វើសកម្មភាពប៉ុនប៉ងដុតផ្ទះ តែមិនបានសម្រេច ត្រូវសមត្ថកិច្ចចុះមកឃាត់ខ្លួនបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ។
ករណីកូនញៀនថ្នាំប្រុងដុតផ្ទះខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ ៨ ក្រុម១ ភូមិ១ផ្លូវ ១៧៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
បុរសញៀនថ្នាំរូបនេះឈ្មោះឡេង ស៊ីនសត្យា ហៅពីឡុត អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយម្ដាយ ។
តាមសម្តីស្ត្រីជាម្តាយ សុំមិនបញ្ចេញឈ្មោះ មានអាយុប្រហែលជាង៥០ឆ្នាំ បានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកថា កូនប្រុសរបស់គាត់ម្នាក់នេះ ជាមនុស្សញៀនថ្នាំ ហើយតែងតែបង្កការអុកឡុកនៅក្នុងផ្ទះជាប្រចាំនៅពេលដែលរូបគេបែកថ្នាំម្តងៗ ។
ស្រ្តីជាម្តាយបន្តថា ហើយនៅមុនពេលកើតហេតុ គាត់ជាម្ដាយបានស្ដីឲ្យតិចតួចស្រាប់តែកូនប្រុសរូបនេះ បានប្រមូលខោអាវដុតនៅមុខបន្ទប់ បង្កជាផ្សែងហុយទ្រលោមមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ភ្លាមនោះគាត់ក៏បានរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ឲ្យចុះមកជួយធ្វើអន្តរាគមន៍និងចាប់កូនប្រុសគាត់យកមកសួរនាំនៅប៉ុស្តិ៍ទំនប់ទឹក ដើម្បីចាត់ការតាមច្បាប់ ព្រោះនិយាយលែងស្ដាប់គ្នាទៅហើយ ។
ក្រោយឃាត់ខ្លួន ស្រ្តីជាម្តាយក៏បានសុំណូមពរដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ជួយយកកូនប្រុសរបស់គាត់ទៅមណ្ឌលកែប្រែដើម្បីបន្សាបគ្រឿងញៀន និងធ្វើការអប់រំបន្តផង ៕ស រស្មី