ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ដាយកាត់ទន្លេ៣កន្លែងនៅស្រុកបុរីជលសា​ត្រូវបានលក់ឲ្យឈ្មួញវៀតណាម

ចែករំលែក៖

រដូវទឹកសម្រក គឺជារដូវដែលប្រមូលបានផលនេសាទបានច្រើន។ ផលនេសាទទាំងនោះ​មិនសម្រាប់ប្រជាជនកម្ពុជា​ម្ចាស់ស្រុកនោះទេ ប៉ុន្តែអាជ្ញាធរ​ស្រុកបុរីជលសា ខេត្តតាកែវ​បានលក់​ផលនេសាទទាំងនោះ​ឲ្យទៅឈ្មួញវៀតណាម​តាមរយៈការដាក់ដាយ​កាត់ទន្លេ៣កន្លែង ស្ថិតក្នុងឃុំកំពង់ក្រសាំង ស្រុកបុរីជលសា ខេត្តតាកែវ នៅចំណុចអតីតឡូត៍លេខ៥ ។ អ្នកភូមិ ក៏ដូចជាសហគមន៍នេសាទ​ក្នុងឃុំកំពង់ក្រសាំង អះអាងថា​​អភិបាលស្រុកបុរី ជលសា លោក ទុយ សុភក្ត្រ និងមេឃុំកំពង់ក្រសាំងឃុបឃិតគ្នាអនុញ្ញាតឲ្យឈ្មួញវៀតណាមដាក់ដាយ​កាត់ទន្លេនោះ ។

នៅទីនោះល្បីល្បាញថាសម្បូរត្រី ដែល​គេអាចប្រមូលបានត្រីគ្រប់ប្រភេទ​រាប់សិបតោន​ក្នុងមួយថ្ងៃៗ ។ តាមរយៈដាយ៣កន្លែងនោះ ឈ្មួញវៀតណាម អាច​ប្រមូលត្រីគ្រប់ប្រភេទ​រាប់សិបតោន​ក្នុងមួយថ្ងៃៗ នាំទៅប្រទេសវៀតណាម ដោយមិនរំខានអាជ្ញាធរមានសមត្ថកិច្ច​ក្នុងខេត្តតាកែវ​នោះឡើយ ។ ពលរដ្ឋខ្មែរ​នៅទីនោះ​បានត្រឹមឈរមើលផលនេសាទ​ដែលជនជាតិវៀតណាមដឹកទាំងទូកៗ ទៅប្រទេសគេតែប៉ុណ្ណោះ ។ បើតាមប្រភពបានបន្ថែមថា ការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកដាក់ដាយ​នៅក្នុងទឹកដីខ្មែរនៃស្រុកបុរីជលសានេះ គឺមានការឃុបឃិត​ពីអាជ្ញាធរដែនដី និងស្ថាប័ន​ជំនាញ គឺខាងរដ្ឋបាលជលផល ។ នៅពេលដែលមានបញ្ហា ទាំងអាជ្ញាធរ ក៏ដូចជា​ស្ថាប័នជំនាញចោទ និងទម្លាក់កំហុសទៅលើសហគមន៍នេសាទ​មូលដ្ឋាន នៅគ្រាដែលគេដឹងថា ផលលាភដែលទទួលបានច្រើនជាងគេពីការអនុញ្ញាត​ឲ្យជនជាតិវៀតណាមចូលមក​ធ្វើនេសាទ​ក្នុងដីខ្មែរ គឺអាជ្ញាធរដែនដី និងស្ថាប័នជំនាញ ។

អ្នកភូមិនៅតំបន់នោះ បាន​ឲ្យដឹងថា ឆ្នាំនេះទឹកទន្លេបានឡើងយឺតជាងបណ្តាឆ្នាំមុនៗ ពោលគឺទឹកទើបតែឡើងខ្លាំង​នៅអំឡុងចុងខែសីហានេះតែប៉ុណ្ណោះ ។ នៅពេលដែលទឹកស្រកទៅវិញលឿន គេអាចដាក់ដាយ​បានផលនេសាទ(ត្រី) យ៉ាងច្រើនក្នុងមួយថ្ងៃៗ ។ ប្រភពបន្ថែមថា អាជ្ញាធរ​ និងស្ថាប័នជំនាញ បានដាក់កំហុស​ទៅលើសហគមន៍នេសាទ​ឃុំកំពង់ក្រសាំងថា ជាអ្នកលក់​ទន្លេនោះ​ឲ្យទៅជនជាតិវៀតណាមដាក់ដាយ ។ ប៉ុន្តែសម្រាប់​សហគមន៍នៅទីនោះអះអាងថា សមត្ថភាពរបស់ពួកគាត់ គ្មានឡើយសម្រាប់ការលក់ដូរទន្លេ​ឲ្យទៅជនជាតិវៀតណាម ។ គេនិយាយថា បើគ្មានការឃុបឃិតពីអាជ្ញាធរស្រុកបុរីជលសា និងមន្ត្រីជំនាញរដ្ឋបាល​ជលផលទេនោះ គឺឈ្មួញវៀតណាមមិនអាចចូលមកនេសាទក្នុងដីខ្មែរបានឡើយ ។ ប្រជានេសាទសំណូមពរ​ឲ្យលោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៏ដូច​ជាអគ្គនាយកដ្ឋានរដ្ឋបាលជលផលពិនិត្យរឿងនេះផង ពីព្រោះវាមិនខុសពីការដែលអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកជួលដីខ្មែរធ្វើស្រែនោះដែរ ​៕


ចែករំលែក៖