ព័ត៌មានទាន់ហេតុការណ៍៖

មុនការបោះឆ្នោត លោក ត្រាំ ប្រឈមនូវបញ្ហាកាន់តែច្រើន ក្តីស្រមៃបន្តតំណែងអាណត្តិទីពីរ កាន់តែបាត់បង់

ចែករំលែក៖

ការគាំទ្ររបស់ពលរដ្ឋអាមេរិក ទៅលើ ប្រធានាធិបតី ដូណាល់ ត្រាំ កាន់តែធា្លក់ចុះ ដោយ​សារតែគោលនយោបាយ ដឹកនាំតាមបែបអាត្មានិយមរបស់លោក​ ។ ​​ក្រៅពីនេះ នយោបាយការបរទេសរបស់លោក​កំពុងតែធ្វើឲ្យអាមេរិក​ក្លាយទៅជា «មហាអំណាចឯកោ» ដោយសម្ពន្ធមិត្តជាច្រើន អស់ទំនុកចិត្តលើអាមេរិក ​។

នៅពេលនេះដែរ បក្សប្រជាធិបតេយ្យ បានត្រៀមចោទប្រកាន់ទោស​ទៅលើប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាការប្រឈមមុខនយោបាយផ្ទៃក្នុងខ្លាំងបំផុតរបស់លោក​។ នៅពេលនេះ លោក ដូណាល់ ត្រាំ បានថ្កោលទោសចំពោះការស៊ើបអង្កេត ទៅលើរូបលោក ដោយចាត់ទុកថា ​ទាំងនោះជាសកម្មភាព ធ្វើ«រដ្ឋប្រហារ» ។

លោក ត្រាំបានសរសេរនៅលើបណ្តាញសង្គម​Twitter ​របស់លោកថា​ «​ពេលខ្ញុំយល់ដឹកកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សូមសន្និដ្ឋានថា​​ អ្វីដែលកំពុងកើតឡើង​​ គឺមិនមែនជាការចោទប្រកាន់ទោស គឺជារដ្ឋប្រហារ» ។

ប្រធានាធិបតីអាមេរិក បញ្ជាក់ថា ការស្រាវជ្រាវ ទៅលើខ្សែអាតសំឡេង​ សន្ទនារវាងរូប​លោក និងប្រធានាធិបតីអ៊ុយក្រែន​​ Volodymyr Zelenskiy ​គឺដើម្បី ដណ្តើមយកសិទ្ធិពីពលរដ្ឋ សិទ្ធិបោះឆ្នោត សិទ្ធិផ្សេៗជាច្រើនទៀត។

កាលពីសប្តាហ៍កន្លងមក គណៈបក្សប្រជាធិបតេយ្យ នៅក្នុងសភា ដែលមានប្រធានរដ្ឋសភា លោកស្រី​ Nancy Pelosi ​ដឹកនាំ​បានសម្រេចបើកការស្រាវជ្រាវ និងចោទប្រកាន់ទោសទៅលើប្រធានាធិបតីដូណាល់ ត្រាំ​​ ដែលមានសកម្មភាព ដើម្បីវាយប្រហារទៅលើ បេក្ខភាព ប្រធានាថិបតី Joe Biden ។ លោកត្រាំបានជំរុញឲ្យប្រធានាធិបតីអ៊ុយក្រែន សហការជាមួយ មេធាវី​ផ្ទាល់ខ្លួន លោក​ Rudy Giuliani ​ដើម្បីស្រាវជ្រាវ ទៅលើការរកស៊ី របស់លោក Biden ​និងកូនប្រុស Huter ។

ជាមួយគ្នានេះដែរ ពលរដ្ឋ អាមេរិក ភាគច្រើន បង្ហាញពីការគាំទ្រចោទប្រកាន់ទោសទៅលើប្រធានាធិបតីដូណាលត្រាំ​។ សកម្មភាពខាងលើ ប្រធានាធិបតី ដូណាលត្រាំ អាចក្លាយជាប្រធានាធិបតីអាមេរិក ទី​៣ ដែលត្រូវសភាចោទប្រកាន់ទោស។

ក្រុមសមាជិកសភានៃសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានបើកការស៊ើបអង្កេតមួយជាផ្លូវការហើយ ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ ឬទម្លាក់លោក ដូណាល់ ត្រាំចេញពីតំណែង ដោយចោទថា ប្រធានាធិបតីអាមេរិករូបនេះ បានស្វះស្វែងរកការគំាទ្រពីបរទេសដើម្បីផ្ដួលគូប្រជែងរបស់លោក គឺលោក Joe Biden មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០។

និតិវិធីចោទប្រកាន់ ឬក៏នីតិវិធីទម្លាក់ចេញពីតំណែង គឺជានីតិវិធីនយោបាយមួយសំដៅចោទប្រកាន់ប្រឆាំងនឹងមន្ត្រីស៊ីវិល ក្នុងនោះរួមមានទាំងប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក ដើម្បីបើកផ្លូវឆ្ពោះទៅរកការបោះឆ្នោតទម្លាក់ចេញពីតំណែងក្នុងករណីរកឃើញថា បានប្រព្រឹត្តទង្វើក្បត់ជាតិ ពុករលួយ ឬបទឧក្រិដ្ឋជាក់ស្ដែងធ្ងន់ធ្ងរមួយចំនួនដទៃទៀត ផ្អែកលើមាត្រា ២, កថាខណ្ឌទី៤ នៃរដ្ឋធម្មនុញ្ញអាមេរិក។

នីតិវិធីចោទប្រកាន់ និងការបណ្ដេញចេញពីតំណែង គឺជារឿងពីរដាច់ដោយឡែកពីគ្នា ពោលគឺ impeachment គ្រាន់តែជានីតិវិធីបើកផ្លូវចោទប្រកាន់លើប្រធានាធិបតីអាមេរិកម្នាក់ពីការប្រព្រឹត្តបទឧក្រិដ្ឋណាមួយ មុនឈាន ដល់ដំណើរការបោះឆ្នោតទម្លាក់ចេញពីតំណែងតែប៉ុណ្ណោះ។

អ្នកដែលមានអំណាចចោទប្រកាន់ប្រធានាធិបតី គឺសភាទាំងពីររបស់សហរដ្ឋអាមេរិក (ព្រឹទ្ធសភា និងសភាតំណាងរាស្រ្ត)។ ជាពិសេសគឺសភាតំណាងរាស្ត្រ ដែលបច្ចុប្បន្នគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ អាចបោះឆ្នោតដើម្បីចោទប្រកាន់ប្រធានាធិបតីម្នាក់ ពីការប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរណាមួយបាន។ ប៉ុន្តែរឿងបែប នេះមិនមែនងាយស្រួលឡើយ ព្រោះខាងគណបក្សសាធារណរដ្ឋនឹងមិនបោះឆ្នោតប្រឆាំងគ្នាឯងនោះទេ។

នៅក្នុងប្រវត្តិសាស្ត្រអាមេរិក លោក Andrew Johnson និង លោក Bill Clinton គឺជាប្រធានាធិបតីអាមេរិកតែពីរនាក់គត់ ដែលត្រូវបានគេដំណើរការនីតិវិធីចោទការប្រកាន់ ឬទម្លាក់ចេញពីតំណែង (មិនទាន់បានទម្លាក់ទេ) ខណៈលោក Richard Nixon បានលាពីតំណែងដោយខ្លួនឯង ក្រោយរងការគំរាមកំហែងពីការដំណើរការនីតិវិធីនេះ។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានប្រធានាធិបតីអាមេរិកណាម្នាក់ ត្រូវបានគេដកហូត ឬបណ្ដេញចេញពីតំណែងឡើយ។

ការស៊ើបអង្កេតនេះគឺជាដំណាក់ដំបូង មុននឹងឈានទៅដល់ដំណើរការការចោទប្រកាន់ ឬនីតិវិធីទម្លាក់ ប្រធានាធិបតីពីដំណែង។ ក្នុងន័យនេះ សមាជិកសភាអាមេរិកត្រូវស៊ើបអង្កេតឱ្យដឹងថា តើលោក ត្រាំ ពិតជាបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរណាមួយ ដែលមិនសក្តិសមបន្តកាន់តំណែងជាប្រធានាធិបតីតទៀត ឬក៏យ៉ាងណា?

បើសិនជាលោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ជាផ្លូវការ ឬត្រូវបានសភាតំណាងរាស្ត្រដំណើរការនីតិវិធី ទម្លាក់ពីអំណាច លោកនៅតែអាចចូលរួមក្នុងការបោះឆ្នោតបានដដែល។ ប៉ុន្តែឧទាហរណ៍ បើលោកត្រូវបានគេទម្លាក់ពីអំណាចតែម្ដងនោះរឿងនេះគេពិបាកនិយាយណាស់ ព្រោះវាមិនដែលកើតឡើងឡើយ ដូច្នេះគេមានតែពឹងលើរដ្ឋធម្មនុញ្ញអាមេរិកតែប៉ុណ្ណោះ៕


ចែករំលែក៖