ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម។
ក្នុងដំណើរទស្សនកិច្ចនោះ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយ លោក ង្វៀន ហ៊ួជុង (Nguyen Phu Trong) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកស្រី ង្វៀន ធី គីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាម។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីវៀតណាម លោក ង្វៀន សួនហ៊្វុក។ ក្នុងជំនួបនោះនាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម នឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការបារម្ភរួមគ្នា។ ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។
នាយករដ្ឋមន្រ្តីទាំងពីរ នឹងចូលរួមថ្លែងសុន្ទរកថា បើកសន្និសីទស្តីពីការជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅរសៀលថ្ងៃទី៤ តុលា។ នៅថ្ងៃទី៥ តុលា ដែលជាថ្ងៃទីពីរនៃដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រីទាំងពីរ នឹងចូលរួមជាអធិបតីក្នុងសន្និសីទបូកសរុបការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលរំពឹងថា នឹងបញ្ចប់ដោយការចុះហត្ថលេខាលើឯកសារច្បាប់ចំនួនពីរ ដើម្បីទទួលស្គាល់លទ្ធផលការងារខ័ណ្ឌសីមា ព្រំដែន ៨៤% ដែលសម្រេចបាន។
ក្នុងកំឡុងពេលស្នាក់នៅទីក្រុងហាណូយ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធ នៅវិមានអនុស្សាវរីយ៍បុព្វបុរសនិងយុទ្ធជនពាលី និងនៅវិមានតម្កល់សពលោកហូជីមិញ ផងដែរ៕