ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនជាតិចិន៤នាក់និងគ្រឿងញៀនជិត៤០គីឡូក្រាម មកតុលាការ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៥ ខែតុលា នេះ បានបញ្ជូនបុរសជនជាតិចិន៤នាក់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន៣៩គីឡូក្រាម។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង៤ ទី ១.ឈ្មោះ YUN LiANFU ភេទប្រុស អាយ៥១ឆ្នាំ ទី ២.ឈ្មោះ FENG YONGCHAO ភេទប្រុស អាយុ៤៨ឆ្នាំ ទី៣.ឈ្មោះ CHOI KA LUN ភេទប្រុស អាយុ៤៣ឆ្នាំ និង ទី ៤.ឈ្មោះ LAU CHUN KiN ភេទប្រុស អាយុ៤០ឆ្នាំ។

ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនៅទីតាំងផ្សេងគ្នា ប៉ុន្តែក្នុងនោះមានជនជាតិចិនម្នាក់ ដែលសមត្ថកិច្ចបានធ្វើការចាប់ខ្លួន នៅក្នុងបន្ទប់ខុនដូមួយកន្លែង ដែលមានគ្រឿងញៀនប្រមាណ៣៩គីឡូក្រាម។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានអោយដឹងថា ករណីបង្ក្រាបនេះ ស្ថិតនៅចំណុចខុនដូមួយកន្លែងជាន់ទី២៩ បន្ទប់លេខ១៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ឡឹក វណ្ណៈ បន្តថា ដំបូងកម្លាំងយើងបានប្រើប្រាស់វិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ៣នាក់នៅទីកន្លែងផ្សែងគ្នា ដែលពួកគេបាន និងកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ចែកចាយ និងជួញដូរគ្រឿង ញៀន។

ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់នោះហើយ ពួកគេបានសារភាព និងចង្អុលបង្ហាញថា ប្រភេទថ្នាំញៀនដែលនាំយកមកលក់ និងចែកចាយនេះ គឺបានមកពីម្នាក់ឈ្មោះ YUN LIANFU ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅខុនដូមួយកន្លែង។

នៅពេលបានចម្លើយសារភាពនោះ សមត្ថកិច្ចបានឈានទៅដល់ការឡោមព័ទ្ធ និងចាប់ខ្លួនជនសង្ស័យម្នាក់នេះ រួមទាំងចាប់យកវត្ថុតាងថ្នាំញៀនចំនួន៣៩កញ្ចប់ធំ មានទម្ងន់ស្មើ៣៩គីឡូក្រាម។

បន្ទាប់ពីចាប់ខ្លួនឈ្មោះ YUN LIANFU និងដកហូតថ្នាំញៀន៣៩គីឡូ ក្រាម ជននេះបានសារភាពភ្លាមៗ ថា ជារបស់ដែលគេយកមកផ្ញើឲ្យជួយលក់ ចំណែកអ្នកផ្ញើទំនងគេចខ្លួនបាត់ហើយ។ ឥឡូវព្រះរាជអាជ្ញាអមតុលាការកំពុងធ្វើការសាកសួរជនសង្ស័យទាំង៤នាក់នេះ៕


ចែករំលែក៖