ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ថ្លើមធំហ៊ានចាប់ថើបស្រ្តីម្នាក់ទាំងកណ្តាលថ្ងៃ តុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ថ្លើមធំហ៊ានចាប់ថើបស្រ្តីម្នាក់ទាំងកណ្តាលថ្ងៃ ត្រូវលោក គឹម រត្ន័ណារិន ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី០៧ ខែតុលា បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ប្រទូស្តកេរ្តិ៍ខ្មាស” ដែលប្រព្រឹត្តនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ តាមមាត្រា២៤៦នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទឈ្មោះ អឿ គីមយាង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែររស់នៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកម្មករ ។ជនរងគ្រោះ អាយុ៤៦ឆ្នាំ ជនជាតិខ្មែររស់នៅភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ ។

នគរបាលបានអោយដឹងថា នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះបានជិះម៉ូតូពីផ្ទះនៅភូមិពោធិកណ្តាល មកផ្ទះឈ្មោះឃុន ណេង ភេទស្រី នៅភូមិពោធិលើ ដើម្បីប្រមូលលុយតុងទីន ពេលដែលកំពុងតែឈរនិយាយគ្នាជាមួយឈ្មោះ ឃុន ណេង ស្រាប់តែមានឈ្មោះ អឿ គីមយាង បានមកចាប់អោបថើបជនរងគ្រោះ ពេលនោះជនរងគ្រោះ បានប្រតាយប្រតប់ និងទាញយកខ្សែភ្លើងវ៉ៃទៅលើឈ្មោះអឿ គីមយាង រួចដើរចេញមកផ្លូវ។

ក្រោយពីបានទទួលព័ត៌មានខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា បានចុះទៅដល់កន្លែងកើតហេតុហើយបានឃាត់ខ្លួនឈ្មោះអឿ គីមយាង មកសាកសួរដើម្បីចាត់ការតាមនីតិវិធី ៕ ឆ ដា


ចែករំលែក៖