ព័ត៌មានទាន់ហេតុការណ៍៖

ឈុតតំណាងជាតិ «ស្បៃធំខ្មែរ»របស់កញ្ញាឯកខ្មែរ ប៉ូគីមថេង សុធីតា ពិតជាស្រស់ស្អាត

ចែករំលែក៖

ហ្វីលីពីន ៖ កញ្ញា ប៉ូគីមថេង សុធីតា បានចាកចេញពីកម្ពុជាកាលពីថ្មីៗនេះដើម្បីចូលរួមប ព្រឹត្តិការណ៍​ប្រកួត​សម្រស់​ ​Miss Asia Pacific International 2019​ នៅប្រទេសហ្វីលីពីន។ នាងបានធ្វើឲ្យគេសរសើរខ្លាំងក្រោយពីបានគ្រងឈុតតំណាងជាតិ «ស្បៃធំខ្មែរ» បង្ហាញមុខលើឆាកអន្តរជាតិ។

ព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Asia Pacific International 2019 ត្រូវបានរៀបចំការប្រកួតចាប់ពីថ្ងៃទី០៤ខែតុលា ឆ្នាំ២០១៩ ដោយមានបេក្ខនារីមកពីបណ្តាប្រទេសចំនួន៥៥ចូលរួមប្រកួត ។ ការប្រកួតផ្តាច់ព្រ័តនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញាឆ្នាំ ២០១៩នេះ។ កញ្ញា ប៉ូ គីមថេងសុធីតា គឺជាតារាបង្ហាញម៉ូតមួយរូប ដែលមានរូបសម្រស់ស្រស់សោភា និងមានទេពកោសល្យលើវិស័យម៉ូដែលច្រើន រួមផ្សំនឹងចំណេះដឹងទូទៅទូលំទូលាយ សាកសមតំណាងកម្ពុជា ទៅប្រកួតក្នុងកម្មវិធីលំដាប់អន្តរជាតិ។ នាងបានចាកចេញពីកម្ពុជាកាលពីថ្ងៃទី២៦ខែកញ្ញាកន្លងទៅដើម្បីចូលរួមប្រកួតកម្មវិធីកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន។ កញ្ញា ប៉ូ​គីម​ថេ​ង សុធី​តា គឺជា​បវរកញ្ញា​តំណាងឱ្យ​ប្រទេស​កម្ពុជា ក្នុង​ព្រឹត្តិការណ៍ប្រកួតសម្រស់ទ្រង់ទ្រាយធំមួយ​នេះ ។​​ មិន​ខុសពី​បវរកញ្ញា​បណ្តា​ប្រទេស​ដទៃ ដោយ​បវរកញ្ញា ប៉ូ​គីម​ថេ​ង សុធី​តា ក៏​ធ្វើបាន​យ៉ាង​ល្អ​ផងដែរ​ក្នុង​ព្រឹត្តិការណ៍​ដើរ​បង្ហាញខ្លួន​ក្នុង​ឈុត​តំណាង​ជាតិ «​ស្បៃ​ធំ​ខ្មែរ​» ។ ការបង្ហាញឈុតដែលឆ្នៃដោយដៃខ្មែរនេះត្រូវបានធ្វើឡើងក្រោយព្រឹត្តិការណ៍ប្រកួតបានធ្វើឡើងជាច្រើនថ្ងៃបន្តបន្ទាប់គ្នា ។

បេក្ខភាពដំណាងពីកម្ពុជានាងបានប្រឹងប្រែងធ្វើបានយ៉ាងល្អ និងអស់ពីលទ្ធភាពក្នុងព្រឹត្តិការណ៍ប្រកួតមួយនេះជាបន្តបន្ទាប់ ​យ៉ាងមានជំនឿជាក់ក្នុងខ្លួន ដើម្បី​ទាក់ទាញ​ពិន្ទុ ក៏ដូចជា​ចិត្ត​គណៈកម្មការ ។​ ក្រៅពីស្លៀកសម្លៀកបំពាក់ប្រពៃណីតំណាងជាតិ និងក៏បានបង្ហាញក្បាច់រាំបែបបុរាណខ្មែរយ៉ាងល្វតល្វន់បង្កប់ដោយអត្ថន័យជ្រាលជ្រៅ។

គួរបញ្ជាក់ដែរថាថ្មីៗនេះក្រុមហ៊ុន​​ Arise Agency នៅកម្ពុជាបានបញ្ចេញឈ្មោះបេក្ខជន និងបេក្ខនារីចំនួន៧រូបដើម្បីចេញទៅប្រកួតផ្នែកសម្រស់ធំៗនៅលើឆាកអន្តរជាតិដោយពួកគេបាន​នាំយកនូវម៉ូដសម្លៀកបំពាក់ ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ និងប្រពៃណីវប្បធម៌ខ្មែរមួយចំនួនទៀត ។ បេក្ខជនតំណាងកម្ពុជាមានទី១ កញ្ញា សំណាង អេលីណា កញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៩ ចេញទៅប្រកួតក្នុងប្រទេស កូរ៉េខាងត្បូង។ទី២​ កញ្ញា ថោង ម៉ាឡា កញ្ញាឯកផែនដីកម្ពុជាឆ្នាំ​២០១៩ ចេញទៅប្រកួតក្នុងប្រទេស ហ្វីលីពីន។ទី៣ កញ្ញា ចន សុទីម៉ា កញ្ញាឯកទេសចរណ៍អន្តរជាតិកម្ពុជាឆ្នាំ២០១៩ ចេញទៅប្រកួតក្នុងប្រទេស ម៉ាឡេស៊ី។ទី៤កញ្ញា ប៉ូ គីមថេងសុធីតា កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិកម្ពុជាឆ្នាំ២០១៩ ចេញទៅប្រកួតក្នុងប្រទេស ហ្វីលីពីន។ ទី៥ កញ្ញា បុណ្យ កញ្ចនធីតា កញ្ញាឯកអន្តរជាតិកម្ពុជាឆ្នាំ២០១៩ ចេញទៅប្រកួតក្នុងប្រទេសជប៉ុន។ ​ទី៦ កញ្ញា គង់ សុជាតា កញ្ញាឯក Asia Awards កម្ពុជាឆ្នាំ២០១៩ ចេញទៅប្រកួតក្នុងវៀតណាមនិងទី៧លោក ទ្រី តារាវុធ ដែលទើបនឹងមកពីការប្រកួតក្នុងកម្មវិធី Man Of The Year Cambodia 2019 ចេញទៅប្រកួតក្នុងប្រទេស មីយ៉ាន់ម៉ា៕ វឌ្ឍនា


ចែករំលែក៖