ប្រភពបានឲ្យដឹងថា ការដែលលោក ម៉ុង ប៊ុនលីម មេរដ្ឋបាលព្រៃឈើខេត្តសៀមរាប ហ៊ានឃុបឃិតបើកដៃឲ្យឈ្មួញច្រើននាក់ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តសៀមរាប យ៉ាងរលូន គឺដោយសារមានការសម្របសម្រួលពីសំណាក់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុក រលួយជាយូរមកហើយ។ មន្ត្រីដែលស្និទ្ធនឹងលោក ទា គឹមសុទ្ធ បានបង្ហើបឲ្យដឹងថា តាំងពីនៅធ្វើជាមេរដ្ឋបាលព្រៃឈើខេត្តសៀមរាប រហូតដល់ទទួលបានតំណែងជា ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប គឺលោក ទា គឹមសុទ្ធ នៅតែអាចប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងសុខស្រួលគ្មានញញើតអ្វីទាំងអស់។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តសៀមរាប មួយចំនួនបានបង្ហើបឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកស្វាយលើ ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ហ៊ានឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឆ្លងកាត់ចូលទៅក្រុងសៀមរាប យ៉ាងពេញបន្ទុក។ យូរៗម្ដងទើបឃើញសមត្ថកិច្ចអាវុធហត្ថឬសមត្ថកិច្ចនគរបាលបង្ក្រាបបទល្មើសព្រៃឈើមួយករណីយកស្នាដៃ ហើយមន្ត្រីរដ្ឋបាលព្រៃឈើបានត្រឹមទទួលយករថយន្ត ឬគោយន្ត និងឈើជាវត្ថុតាងយកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធីប៉ុណ្ណោះ។ ប្រការនេះហើយទើបបទល្មើសព្រៃឈើក្នុងខេត្តសៀមរាប នៅតែបន្តកើតឡើងយ៉ាងរាលដាល ព្រោះលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និងលោក ម៉ុង ប៊ុនលីម មេរដ្ឋបាលព្រៃឈើខេត្តសៀមរាប គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ។
សេចក្ដីរាយការណ៍ខ្លះបានលើកឡើងថា ឈ្មួញដែលដឹកជញ្ជូនឈើពីខេត្តឧត្ដរ មានជ័យ និងខេត្តព្រះវិហារ ចូលមកចែកចាយតាមដេប៉ូក្នុងក្រុងសៀមរាប ក៏ដូចជា តាមរោងសិប្បកម្មកែច្នៃឈើច្រើនកន្លែងក្នុងក្រុងសៀមរាប សុទ្ធតែមានទំនាក់ទំនង ជិតស្និទ្ធជាមួយលោក ទា គឹមសុទ្ធ និងលោក ម៉ុង ប៊ុនលីម។ បញ្ហានេះគឺជារឿងដែល លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលើព្រៃឈើ នៃក្រសួងកសិកម្ម មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះបទល្មើសដឹកជញ្ជូនឈើចូលខេត្តសៀមរាប នៅតែកើតឡើងយ៉ាងពេញបន្ទុក។ មន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តសៀមរាប បានអះអាងថា ក្រុមឈ្មួញតែងបង់លុយតាមការកំណត់របស់មន្ត្រីរដ្ឋបាលព្រៃឈើដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ម៉ុង ប៊ុនលីម និងលោក ទា គឹមសុទ្ធ ហេតុនេះហើយទើបពួកគេនៅតែហ៊ានធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ដោយគ្មានញញើតអ្វីឡើយ៕