ខេត្តកណ្ដាល៖ បុរសម្នាក់ ត្រូវជនសង្ស័យឪពុកកូន២នាក់ នាំគ្នាព្រួតវាយ បណ្ដាលឲ្យរបួសធ្ងន់ បាក់ដៃស្ដាំ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុក រីឯកូនបានរត់គេចខ្លួនបាត់ស្រមោល ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ចាប់ខ្លួនបានម្នាក់ឈ្មោះ ហុង ប៊ុនធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនឈ្មោះ ថៃ ប៊ុនរ៉ុង ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យទាំង២នាក់ត្រូវជាឪពុកកូននឹងគ្នា ។ ចំណែកជនរងគ្រោះឈ្មោះ លឹម សំអាត ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាបងប្អូនថ្លៃនឹងគ្នា មានទីលំនៅភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យ ហុង ប៊ុនធឿន ជាប្អូនថ្លៃជនរងគ្រោះឈ្មោះ លឹម សំអាត ធ្លាប់មានទំនាស់គ្នាញឹកញាប់ហើយពីរឿងជនរងគ្រោះបើកវិទ្យុលឺៗរំខានការដេកពួន ។ រហូតមកដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ម៉ោងប្រមាណ១៧ ជនសង្ស័យឈ្មោះហុង ប៊ុនធឿន បានជិះម៉ូតូចេញទៅក្រៅផឹកស្រា រហូតមកដល់ប្រមាណ១៩ ជនសង្ស័យឈ្មោះ ហុង ប៊ុនធឿន បានជិះម៉ូតូត្រឡប់មកផ្ទះ ដោយមានសភាពស្រវឹងស្រាជោគ ហើយស្រែករករឿងឡូឡា ជាមួយជនរងគ្រោះទៅវិញទៅមក ខណៈនោះ ស្រាប់តែជនសង្ស័យម្នាក់ទៀតឈ្មោះ ថៃ ប៊ុនរ៉ុង ជាកូនបង្កើតជនសង្ស័យឈ្មោះ ហុង ប៊ុនធឿន បានដើរចុះពីលើផ្ទះ បានប្រហែលជា២នាទី ស្រាប់តែលឺជនរងគ្រោះស្រែកថា អូយៗជួយផង នៅខាងក្រោមជណ្ដើរផ្ទះរបស់ខ្លួន ភ្លាមនោះម្ដាយជនសង្ស័យឈ្មោះ ថៃ ប៊ុនរ៉ុង ក៏ចុះមកដីឃើញជនរងគ្រោះមានរបួសហូរឈាមដៃខាងស្ដាំដេកដួលនៅលើដី ក៏ផ្អើលឆោឡោ រាយការជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ឫស្សីជ្រោយតែម្ដង។
បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ឫស្សីជ្រោយទទួលបានព័ត៌មានខាងលើ ភ្លាមនោះ ក៏ចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យឈ្មោះហុង ប៊ុនធឿន បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកដើម្បីសាកសួរចាត់ការតាមច្បាប់ ដោយឡែកជនសង្ស័យម្នាក់ទៀតដែលត្រូវជាកូនជនសង្ស័យឈ្មោះ ហុង ប៊ុនធឿន បានរត់គេចខ្លួនបាត់ស្រមោល ។
តាមការសួរនាំពីជនរងគ្រោះឆ្លើយថា ឈ្មោះ ធឿន និងម្នាក់ទៀតមើលមិនច្បាស់បានលួចវ៉ៃខ្លួន បណ្ដាលឲ្យមានរបួស ។ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ ។ចំណែកជនសង្ស័យឈ្មោះ ថៃ ប៊ុនរ៉ុង សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាប់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ