ភ្នំពេញ ១៦ តុលា ២០១៩ ៖ ក្រុមហ៊ុនទូរស័ព្ទ សែលកាត ប្រកាសចាប់ដៃគូលើកម្ចីទិញទូរស័ព្ទ ជាមួយធនាគារកាថេយូណៃធីត នៅកម្ពុជា និងCathay Financial Holdings ក្នុងគោលបំណងបង្រួមគម្លាតផ្នែកឌីជីថល ដល់អតិថិជនជាពិសេសនៅតាមជនបទ។
ភាពជាដៃគូនេះ នឹងជួយសម្រួលដល់ការផ្តល់ប្រាក់កម្ចីផ្ទាល់ខ្លួនដល់អតិថិជន សែលកាត។ ប្រាក់កម្ចីទិញ ទូរស័ព្ទ គឺជាដំណោះស្រាយដែលមិនតម្រូវឱ្យ អតិថិជនបង្ហាញខ្លួនដោយផ្ទាល់នៅធនាគារ ក្នុងអំឡុងពេលដាក់ ពាក្យសុំនោះទេ។ ផ្ទុយទៅវិញ ការស្នើសុំប្រាក់កម្ចីអាចធ្វើបាន នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនសែលកាតដែលមានទីតាំងនៅលើមហាវិថីព្រះសីហនុ។
កម្ចីទិញទូរស័ព្ទ នឹងកាត់បន្ថយពេលវេលារង់ចាំយ៉ាងច្រើន សម្រាប់អតិថិជនបើប្រៀបធៀបទៅនឹង ធនាគារធម្មតា រួមជាមួយការគាំទ្រផ្នែកហិរញ្ញប្បទានតាមតម្រូវការផងដែរ។
លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា៖ “ចក្ខុវិស័យរបស់យើង គឺជួយរៀបចំឱ្យប្រទេសកម្ពុជា មានការផ្លាស់ប្តូរផ្នែកឌីជីថល ដើម្បីពន្លឿនការគ្របដណ្តប់ផ្នែកហិរញ្ញវត្ថុ និងផ្តល់ ភាពងាយស្រួលដល់អតិថិជនសែលកាតទាំងអស់ដែលរស់នៅក្នុងទីក្រុង និងក៏ដូចជានៅតំបន់ជនបទ។
លោក Marcus Lopez អនុប្រធាននាយកប្រតិបត្តិ និងជាប្រធានផ្នែកឌីជីថល ទិន្នន័យ និងបច្ចេកវិទ្យានៅក្រុមហ៊ុន Cathay Financial Holdings បានមានប្រសាសន៍ថា៖ “យើងរីករាយណាស់ដែលបានសហការជាមួយសែលកាត ក្នុងការកែប្រែជីវភាពរបស់អតិថិជនជាច្រើនរបស់សែលកាត។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យយើងបង្កើត គំរូ ឥណទានស្វាហាប់តាមរយៈវិធីសាស្រ្តដែលអាស្រ័យលើទិន្នន័យ និងការជួយរកដំណោះស្រាយដល់អតិថិជន។ ដោយមានការិយាល័យជាង ២១៤កន្លែងនៅទូទាំងពិភពលោក និងវត្តមានច្រើនក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក យើងខ្ញុំ បើកលទ្ធភាពដល់រាល់ឱកាស ក្នុងការបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែរំភើបនៅក្នុងតំបន់។”
នាយកប្រតិបត្តិនៃធនាគារកាថេយូណៃធីត លោក Alice Chuang មានប្រសាសន៍ថា៖ ”ក្នុងនាមជាធនាគារក្រៅស្រុក យើងមានកិត្តិយស ណាស់ដែលបានចូលរួម និងសហការជាមួយក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ។ យើងទន្ទឹងរង់ចាំនាំមកនូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយ ភាពច្នៃប្រឌិតបន្ថែមទៀតនៅក្នុងតំបន់តាមមាគ៌ានៃការផ្លាស់ប្តូរឌីជីថលរបស់ធនាគារកាថេយូណៃធីត។ ភាពជាដៃគូ នេះគូសបញ្ជាក់ពីការផ្លាស់ប្តូរដែលធនាគារកាថេយូណៃធីត មានឆន្ទៈក្នុងការធ្វើ និងការប្តេជ្ញាចិត្តរបស់យើង ចំពោះ ប្រជាជនកម្ពុជា តាមរយៈការទទួលយកបច្ចេកវិទ្យាដែលបង្កើតតម្លៃដល់អតិថិជនរបស់យើង។ យើងមានសេចក្តី សោមនស្សរីករាយដែលថាការសហការនេះនឹងបម្រើដល់អតិថិជនកាន់តែច្រើនពីក្រុមហ៊ុនសែលកាត នៅក្នុង ប្រទេសកម្ពុជា។”
អំពី Cathay Financial Holdings
Cathay Financial Holdings គឺជាក្រុមហ៊ុនហិរញ្ញវត្ថុធំជាងគេនៅតៃវ៉ាន់ និងជាអ្នកផ្តល់ផលិតផល និងសេវាកម្ម ហិរញ្ញវត្ថុ ឈានមុខគេ។ បុត្រសម្ព័ន្ធធំៗរបស់ក្រុមហ៊ុនរួមមានធានារ៉ាប់រងអាយុជីវិតCathay, ធនាគារCathay United, ធានារ៉ាប់រង Cathay Century, Cathay Securities Investment Trust និងCathay Securities ។ គិតត្រឹមថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៩ Cathay Financial Holdings មានទ្រព្យសម្បត្តិសរុបជាង ៣០៩ ពាន់លានដុល្លារអាមេរិក និងអតិថិជនជាង ១៣ លាន នាក់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ Cathay Financial Holdings បានបង្កើនវត្តមានរបស់ខ្លួននៅអាស៊ី ដែលរួមទាំងនៅប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះក្រុមហ៊ុនក៏បានពង្រីកកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនយ៉ាងខ្លាំងក្នុងការអភិវឌ្ឍ បច្ចេកវិទ្យា ឌីជីថលថ្មី និងគម្រូអាជីវកម្មខងសេវាកម្មហិរញ្ញវត្ថុ។
អំពី សែលកាត
ក្រុមហ៊ុន សែលកាត ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ តំណាងឱ្យស្តង់ដារគុណភាព គុណតម្លៃ និងសេវាកម្ម នៅប្រទេសកម្ពុជា ហើយតែងតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិធីថ្មីៗ ដើម្បីគាំទ្រ និងលើកស្ទួយមធ្យោបាយ ទំនាក់ទំនងរបស់អតិថិជនតាមរយៈការកែលំអគុណភាពបណ្តាញជាទៀងទាត់ ការអភិវឌ្ឍន៍ផែនការ និងផលិតផលប្រកប ដោយភាពច្នៃប្រឌិត និងការផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើអតិថិជនរបស់ខ្លួន។