បទល្មើសនេសាទបាននិងកំពុងកើតមានព្រោងព្រាតជាចំហរនៅតំបន់បឹងទន្លេសាប ខេត្តពោធិ៍សាត់ ។ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលខេត្តពោធិ៍សាត់ ត្រូវគេរាយការណ៍ថា កំពុងកាក់កាបយ៉ាងសម្បើមក្នុងការឃុបឃិតឲ្យមានបទល្មើសគ្រប់ប្រភេទនៅតំបន់បឹងទន្លេសាប ។ នៅរយៈពេលប៉ុន្មានាសប្តាហ៍ខាងមុខទៀតនេះ បទល្មើស អួន ហ៊ុម នឹងត្រូវចាប់ផ្តើម ដែលពេលនេះ ពួកឈ្មួញកំពុងរៀបចំផែនការ និងការគៀងគរគ្នាប្រមូលថវិកាជូនលោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មុនពួកគេប្រព្រឹត្តល្មើស ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះ បទល្មើសនេសាទតាមបណ្តាស្រុកនានា ក្នុងខេត្តពោធិ៍សាត់ ដែលស្ថិតនៅក្នុងបឹងទន្លេសាប បានប្រព្រឹត្តជាចំហរ ហើយគេមិនដែលឃើញមន្ត្រីរដ្ឋបាលជលផលរបស់លោក ភុំ វិមល ចុះទៅបង្ក្រាបម្តងណាឡើយ ។ យូរៗម្តង គេឃើញសមត្ថកិច្ចកងរាជអាវុធហត្ថចុះទៅបង្ក្រាបវាយបំបែកឆ្នាំងបាយរបស់ពួកមន្ត្រីជលផលទាំងនោះដែរ ។ បើទោះជាយ៉ាងណាក៏ដោយ ពួកមន្ត្រីជលផល ខេត្តពោធិ៍សាត់ មិនដែលខ្វល់ ឬខ្មាស់អៀនចំពោះការងាររបស់ខ្លួននោះឡើយ ។ បច្ចុប្បន្ននេះ ពួកមន្ត្រីជលផលបណ្តែតបណ្តោយបិទភ្នែកឲ្យមានបទល្មើសគ្រប់ប្រភេទនៅតំបន់បឹងទន្លេសាប ដោយអះអាងថា ទឹកឆ្នាំនេះរាក ដូច្នេះគ្មានបទល្មើសនោះទេ ។
ប្រភពព័ត៌មានបានរាយការណ៍ថា បទល្មើសច្រើនប្រភេទមានទាំង បរ និងបន្តទៅទៀតដោយអួន ហ៊ុម កំពុងរៀបចំយុទ្ធសាស្ត្រត្រៀមប្រព្រឹត្តបទល្មើសនៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ។ ពួកឈ្មួញបាននិងកំពុងគៀងគរគ្នីគ្នាប្រមែប្រមូលថវិការៀបចំចាត់ចែងជូនមន្ត្រីថ្នាក់ដឹកនាំខេត្ត សមត្ថកិច្ចនានា ពិសេសលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនោះតែម្តង ។ អ្វីៗសម្រាប់ការនេសាទតាមរយៈអួនហ៊ុមត្រូវគេអះអាងថា បាននិងកំពុងរៀបចំយ៉ាងល្អ ដែលអាចនឹងដំណើរការដោយសុខសុវត្ថិភាព មិនមានបញ្ហាអ្វីនោះឡើយ ។ គ្មានបញ្ហាពីព្រោះតែគេបានរៀបចំបែងចែកលាភសក្ការគ្រប់ច្រកល្ហកអស់ហើយ៕