ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ កំហុសអក្ខរវិរុទ្ធលើផ្ទាំងប៉ាន់ណូធំប៉ុនមេឃគ្មាននរណាខ្វល់

ចែករំលែក៖

ទាំងអាជ្ញាធរ និងម្ចាស់ប៉ាន់ណូ​ផ្នែកផ្សាយពាណិជ្ជកម្ម​មិនខ្វល់ចំពោះកំហុស​ផ្នែកអក្ខរវិរុទ្ធនៅលើផ្ទាំងផ្សាយពាណិជ្ជកម្មពីរផ្ទាំង ជិតអតីតរង្វង់មូលទួលគោក ក្បែរស្ពានអាកាស​៥មករា ដែលប្រការនេះ ធ្វើឲ្យក្មេងៗជំនាន់ក្រោយយកតម្រាប់តាម ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ បានត្រឹមសោកស្តាយ​ចំពោះ​កំហុសឆ្គង​មួយនេះ នៅគ្រាដែល​ម្ចាស់ប៉ាន់ណូ​បានដឹង​អំពី​កំហុស​អក្ខរវិរុទ្ធ​លើប៉ាន់ណូនេះហើយ ប៉ុន្តែមិនព្រមកែ ឬទម្លាក់ប៉ាន់ណូនោះចោល ពីព្រោះថា​«ធ្វើអស់លុយហើយ ដូច្នេះដាក់ទាំងខុសអីចឹងទៅ» ។

យ៉ាងណាក៏ដោយ នៅតាមបណ្តាញទំនាក់ទំនងហ្វេសប៊ុក​បានរិះគន់ចំពោះ ម្ចាស់ប៉ាន់ណូ ដែលដឹងថា ខុសហើយ​មិនព្រមកែ ។ កំហុស​«ពិសារ» ដែលតាមពិត «ពិសា» វានាំឲ្យមានការយល់ច្រឡំដល់ក្មេងៗជំនាន់ក្រោយ ។ កូនប្រុសខ្ញុំបាទ គាត់សរសេរ«ពិសារ» ដោយសម្អាង​ទៅតាមស្លាក​ប៉ាន់ណូ ដែលគាត់ឃើញនៅជិតស្ពានអាកាស​៥មករានោះដែរ ។ តើមានក្មេងប៉ុន្មាននាក់ ដែលគាត់មើលឃើញហើយចងចង និងចាត់ទុកថា វាជារឿងត្រឹមត្រូវចំពោះ​«ពិសារ»ដែលបានឃើញនៅលើប៉ាន់ណូផ្សព្វផ្សាយពាណិជ្ជកម្មនោះ ។ ម្ចាស់ប៉ាន់ណូផ្សាយពាណិជ្ជកម្ម ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច​គិតថា វាជារឿងតូចតាច ប៉ុន្តែនៅពេលបន្តិចទៀត គ្រប់គ្នាយល់ថា «ពិសារ» ជាពាក្យត្រឹមត្រូវហើយ «ពិសា» គឺជាពាក្យ​ខុសវិញម្តង ។ តើគួរកែឬទេ ដែល​យើងដឹងហើយថា វាជាកំហុសឆ្គង​?

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនត្រឹមតែរិះគន់ចំពោះ​ម្ចាស់ប៉ាន់ណូផ្សព្វផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏បានស្តីបន្ទោសផងដែរ​អាជ្ញាធរមានសមត្ថកិច្ច​ថា មិនព្រមមានវិធានការដោះដូរ ឬរុះរើស្លាកដែលសរសេរខុសនេះ ។ អាជ្ញាធរ​ហាក់ដូចជាមិនបានយកចិត្តទុកដាក់​ឲ្យគ្រប់ជ្រុងជ្រោយ​ចំពោះបញ្ហាតម្លៃអក្សរសាស្ត្រ និងវប្បធម៌ជាតិនោះឡើយ ។ គេគិតថា វាជារឿងតួចតាច គ្រាន់តែលើស​«រ» មួយមិនមែនជាបញ្ហា​ដែលធ្វើឲ្យ​អក្សរសាស្ត្រជាតិរលំរលាយនោះទេ ។ ការគិតបែបនេះ ពិតជាខុស ពីព្រោះថា ផ្តើមបន្តិចម្តងៗ ការកែប្រែពីចំណុចត្រឹមត្រូវ​ទៅ​ជាកំហុស ហើយមិនព្រមកែ នោះ​គេនឹងយល់ថា ចំណុចកំហុសវាជារឿងត្រឹមត្រូវ ។ មិនយូរទេ គេនឹងយល់ថា «ពិសារ» ជារឿងត្រឹមត្រូវ ប៉ុន្តែ​«ពិសា» គឺជាកំហុស ។ តិចតួចទេ បើកែបាន ក៏កែទៅ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖