ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូល្បឿនលឿនគេចជង្ហុកទៅបុកម៉ូតូមួយគ្រឿងទៀតបើកច្រាស់ទិសគ្នា បណ្ដាលឲ្យរបូសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ទទួលរងរបួសធ្ងន់ ខណៈបើកម៉ូតូដោយល្បឿនលឿន គេចជង្ហុកចូលក្នុងគន្លងផ្លូវម្ខាងទៀត បណ្ដាលឲ្យបុកម៉ូតូមួយគ្រឿងទៀតបើកច្រាស់ទិសគ្នា ធ្វើឲ្យរងរបួសធ្ងន់ស្រាល២នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៦និង២០នាទី លើកំណាត់ផ្លូវលេខ២០បេ ស្ថិតក្នុងភូមិស្វាយលិច ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍កណ្ដាលស្ទឹងបានឲ្យដឹងថា ម៉ូតូបង្កម៉ាកHONDA CB ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ កណ្ដាល1Z-7177 បើកបរដោយឈ្មោះ វៃ ធារ៉ា ភេទប្រុសអាយុ២០ឆ្នាំ មានទីលំនៅភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (រងរបួសស្រាល) ។ ចំណែកឯភាគីម៉ូតូម្ខាងទៀតម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ1C-2038 បើកបរដោយឈ្មោះ វ៉ាន់ ធឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិបឹងច្រាំ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់បាក់ដៃឆ្វេង) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញអ្នកបើកបរម៉ូតូបង្កម៉ាក HONDA CBធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០បេ ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ បានគេចជង្ហុកចូលទៅគន្លងផ្លូវម្ខាងទៀត (ចូលស្ដាំគេ) បណ្ដាលឲ្យបុកម៉ូតូមួយគ្រឿងទៀតម៉ាកសង់កូរ៉េ ពេញមួយទំហឹង ធ្វើឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូសង់កូរ៉េ ដួលបោកទៅនឹងផ្លូវ រងរបួសបាក់ដៃឆ្វេង រីឯអ្នកបើកបរម៉ូតូបង្ករងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក ចុះធ្វើការពិនិត្យវាស់វែង រួចកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ករណីខាងលើនេះ សមត្ថកិច្ចនគរបាលជំនាញបញ្ជាក់ថា គឺបណ្ដាលមកពីអ្នកបើកបរម៉ូតូ HONDA CB ពាក់ស្លាកលេខ កណ្ដាល1Z-7177 បើកបរក្នុងល្បឿនលឿន គេចជង្ហុក ចូលគន្លងខាងស្ដាំម៉ូតូសង់កូរ៉េ ទើបកើតមានគ្រោះថ្នាក់ចរាចរណ៍បែបនេះ ៕ ស្អាងជ័យ


ចែករំលែក៖