ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកហាងខារ៉ាអូរខេយីហោ ពិភព KTV លួចម៉ូតូគេត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនបុរសម្នាក់ ដែលជាបុគ្គលិកហាងខារ៉ាអូរខេយីហោ ពិភពKTV ខណៈដែលធ្វើសកម្មភាពលួចម៉ូតូជាងភ្លើងម្នាក់ បានសម្រេចហើយប្រុងជិះរត់គេចខ្លួនក៏ត្រូវជនរងគ្រោះឃើញទាន់ស្រែកឆោឡោផ្អើលសមត្ថកិច្ចកំពុងល្បាតក្បែរនោះជួយធ្វើអន្តរាគមន៍ចាប់បានភ្លាមៗ ។

ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខបន្ទប់ជួលលេខ ៤ ផ្លូវបេតុង ស្ថិតភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមមន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុ បញ្ញា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងហាងខារ៉ាអូរខេ ពិភពKTV ផ្លូវ២០០៤ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ ផន សីហា ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង រស់នៅភូមិ/ឃុំខាងលើ ។

វត្ថុតាងដកហូតបាន៖ កូនសោចាក់ម៉ូតូ ៤ ; កូនសោបន្ទប់ជួល ២ ; ម៉ូតូម៉ាកគប់ជ្រុង ១គ្រឿង ពណ៌បៃតង សេរីចាស់ ពាក់ស្លាក់លេខ ព្រៃវែង 1C-1639 (របស់ជនរងគ្រោះ) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕ ធឿនព្រែកជ័យ

 


ចែករំលែក៖