ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញាគាស់ទ្វារបន្ទប់ប្រុងលួចសម្ភារលោកប្រធានសមាគមទន្លេបាសាក់

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាលួចគាស់បន្ទប់ម្នាក់ ត្រូវជនរងគ្រោះចាប់ខ្លួនប្រគល់ អោយសមត្ថកិច្ច នៅគ្រាដែលជនសង្ស័យកំពុង ធ្វើសកម្មភាពគាស់ទ្វាបង្អួច បន្ទប់ដើម្បីលួចទ្រព្យសម្បត្តិ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ម៉ោង២និង៤៥នាទី នៅចំណុចបន្ទប់ជួលលេខ០៧ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឈ្មោះសែម រ៉ាវី ភេទ ប្រុស អាយុ២១ឆ្នាំ មានផ្ទុកសារធាតុញៀន ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះចែម សម្បូរ ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបប្រធានសមាគមន៍ទន្លេបាសាក់ ស្នាក់នៅបន្ទប់កើតហេតុ។

នៅមុនពេលកើតហេតុ ជនរងគ្រោះ បានចេញទៅធ្វើការដោយទុក ប្រពន្ធសំរាកនៅក្នុងបន្ទប់កើតហេតុ លុះដល់វេលាម៉ោងកើតហេតុជនរងគ្រោះចេញមកពីធ្វើការត្រឡប់មកបន្ទប់ជួលវិញ ក៏ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពបើកទ្វារ បង្អួចបន្ទប់ជួល ដោយយកដែកសរសៃរប្រវែង១ម៉ែត្រលូកចូលទៅក្នុងបន្ទប់រកលួចទ្រព្យសម្បត្តិ ក៏ត្រូវបានជនរងគ្រោះ ឃាត់ខ្លួន រួមនឹងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សណ្តោស


ចែករំលែក៖