ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ស្រវឹងស្រាបើកម៉ូតូដួលខ្លួនឯង ត្រូវរថយន្តមិនស្គាល់ម៉ាកបើកមកពីក្រោយកិនចំក្បាលស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរស២នាក់ជិះម៉ូតូដួលខ្លួនឯង ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកមកពីក្រោយកិនចំក្បាលក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យស្លាប់ និងខូចខាតម៉ូតូ០១គ្រឿង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣ និង៤០ នាទី ថ្ងៃអាទិត្យ ០៧ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ គីឡូម៉ែត្រលេខ ៩៤-៩៥ ចំណុចវាលសរសៃ ភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ 0940 បើកបរដោយឈ្មោះអឿន ចាន់ថា ភេទប្រុស អាយុ២៧ ឆ្នាំ ភូមិប៉ប្រក ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) (មិនពាក់មួកសុវត្ថិភាព) មុខរបរកម្មសំណង់ ។ អ្នករួមដំណើរ ឈ្មោះយឹម ពិសិដ្ឋ ភេទប្រុស អាយុ២៥ ឆ្នាំ ភូមិ ឃុំ ជា មួយ (ស្លាប់នៅកន្លែងកើតហេតុ) (មិនពាក់មួកសុវត្ថិភាព) មុខរបរកម្មកររោងចក្រ ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ បង្កឡើងដោយអ្នកបើកបរម៉ូតូបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ក្រោយកើតហេតុ សមត្ថកិច្ចពុំទាន់ស្រាវជ្រាវឃើញ រថយន្ត និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកគេចខ្លួនបាត់ ។ ចំណែក វត្ថុតាង ម៉ូតូ០១ គ្រឿងយកមករក្សាទុកនៅអធិការរដ្ឋាននគរបាល ស្រុកតាំងគោក ៕ ប៊ុនរិទ្ធី


ចែករំលែក៖