ព័ត៌មានទាន់ហេតុការណ៍៖

តួកគីប្តេជ្ញា​វាយលុកទៀត​ បើអាមេរិកធ្វើផ្ទុយពីពាក្យសន្យា

ចែករំលែក៖

ប្រតិបត្ដិការសន្តិភាពនិទាឃរដូវ ដែលបានដំណើរការដោយទីក្រុងអង់ការ៉ាថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៩នោះ ត្រូវបានបញ្ឈប់នៅថ្ងៃព្រហស្បតិ៍ (១៧ តុលា) សប្តាហ៍មុន បន្ទាប់ពីមានកិច្ចពិភាក្សាគ្នា រវាងលោក អ៊ីដូហ្គាន (Erdogan) និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ម៉ាយ ផែន (Mike Pence) ។ ទោះយ៉ាងណា ការប៉ះទង្គិចគ្នាបន្តិចបន្តួច នៅបន្តកើតឡើងរវាងកងកំលាំងប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយក្រុមឃឺដ និងទាហានតួកគី ស្ថិតនៅភាគខាងជើងរបស់ប្រទេសស៊ីរី ។

ប្រធានាធិបតីតួកគី លោក រ៉ីសីប តៃយីប អ៊ីដូហ្គាន (Recep Tayyip Erdogan) កាលពីថ្ងៃអង្គារ (២២ តុលា) បានព្រមានថា ប្រទេសរបស់លោក(តួកគី) នឹងបើកការវាយលុករបស់ខ្លួន នៅក្នុងប្រទេសស៊ីរីកាន់តែខ្លាំងថែមទៀត បើសិន ទីក្រុងវ៉ាស៊ីនតោនបំពាននូវការសន្យារបស់ខ្លួនជាមួយទីក្រុងអង់ការ៉ា ។ លោក អ៊ីដូហ្គាន បានកត់សម្គាល់ថា ក្នុងពេលនេះ ក្រុមសកម្មប្រយុទ្ធមកពីអង្គភាពការពារប្រជាជន ឃឺដ (YPG) បន្តភៀសខ្លួនចេញពីព្រំដែនតួកគី។

អ្នកនយោបាយតួកគីរូបនេះ ក៏បានថ្លែងផងដែរថា លោកនឹងពិភាក្សាអំពីដំណោះស្រាយសន្តិភាព ជាមួយសមភាគី រុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ហើយនឹងពិនិត្យមើលវឌ្ឍនភាពរបស់គណៈកម្មាធិការធម្មនុញ្ញស៊ីរីផងដែរ ។

បទឈប់បាញ់គ្នារយៈពេល ១២០ ម៉ោង នៅភាគខាងជើងប្រទេសស៊ីរី បានព្រមព្រៀងនោះ ខិតជិតដល់ពេលបញ្ចប់ហើយនៅល្ងាចនេះ(២២ តុលា) ។ ទោះយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ថា តើស្ថានភាពក្នុងតំបន់ នឹងមានការផ្លាស់ប្តូរយ៉ាងដូចម្តេចនៅឡើយទេ នៅថ្ងៃបន្ទាប់នៃថ្ងៃបញ្ចប់កិច្ចឈប់បាញ់នេះ ។

ប្រទេសតួកគីបានចាប់ផ្តើមវាយលុករបស់ខ្លួននៅក្នុងខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីខកខាន អាមេរិកមិនចូលរួមអនុវត្តកិច្ចព្រមព្រៀងជាមួយ ស្តីពីការបង្កើតតំបន់ ដែលគេហៅថា តំបន់សុវត្ថិភាព នៅជិតព្រំដែនប្រទេសតួកគីនោះ ។

យោធាអាមេរិកត្រូវបានប្រកាសដកចេញពីតំបន់ភាគខាងជើងស៊ីរីនោះ នៅពេលដែលទាហានប្រទេសតួកគី បានប៉ះទង្គិចជាមួយកងជីវពលជនជាតិឃឺដ និងយុទ្ធជន ដេស (Daesh (ISIL/ISIS/IS/Islamic State))ដែលគាំទ្រដោយសហរដ្ឋអាមេរិក ។

កងកម្លាំងទាហានអារ៉ាប់ស៊ីរី បានឆក់ឱកាសនេះ ដណ្តើមគ្រប់គ្រង​រដ្ឋធានីបានជាច្រើន​ពីក្រុមជីវពល ក្រោយពីបានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមកម្លាំងជនជាតិឃឺដហើយនោះ ។ ប៉ុន្តែទាំងទីក្រុង អង់ការ៉ា និងទីក្រុងដាម៉ាស បានគ្រប់គ្រងមិនឲ្យភាគីទាំងពីរ​ផ្ទុះអាវុធ​នោះឡើយ ។

ក្រុមយោធាតួកគីបានប្រឈមមុខនឹងការដកថយពីការឈ្លានពាននេះ ដោយសារសហរដ្ឋអាមេរិកគំរាមដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលតួកគី ។ ប្រទេសបារាំង, អាល្លឺម៉ង់រិតត្បិត​ការលក់អាវុធ​ទៅឲ្យទីក្រុងអង់ការ៉ា និងជំរុញ​ប្រទេស​សហគមន៍ដទៃផ្សេងទៀត​ឲ្យអនុវត្តតាមខ្លួន ។

រដ្ឋាភិបាលស៊ីរី ក៏បានខោកក្បាលតួកគីចំពោះការវាយលុកនេះដែរ ដោយស៊ីរីនិយាយថា តួកគី​មិនមានការអនុញ្ញាតឲ្យដាក់ពង្រាយកងទ័ពលើទឹកដីស៊ីរី រំលោភលើដែនអធិបតេយ្យស៊ីរីដ៏ធ្ងន់ធ្ងរ ៕


ចែករំលែក៖