ខេត្តប៉ៃលិន ៖ ស្ត្រីជាជនសង្ស័យម្នាក់ ខណៈយកគ្រឿងបរិភោគទៅឱ្យជនជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ បានលាក់បង្កប់គ្រឿងញៀននៅក្នុងអាវទ្រនាប់ ហើយត្រូវបានសមត្ថកិច្ចឆែកឆេររកឃើញក៏ចាប់កសាងសំណុំរឿងបញ្ជូនទៅតុលាការនាវេលាម៉ោង១១ និង០៤នាទីព្រឹក ថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៩នេះ បន្ទាប់ពីឃាត់ខ្លួនបានមួយថ្ងៃ។
ប្រភពព័ត៌មានពីលោក យ៉ុង សារិទ្ធិ នាយរងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នកការដ្ឋាននគរបាលខេត្តប៉ៃលិនបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានស្តីពីករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់សារធាតុញៀនកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២២ ខែតុលាឆ្នាំ២០១៩នៅក្នុងពន្ធនាគារខេត្តប៉ៃលិន ស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខាងលោកបានរាយការណ៍ជូនលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីដឹកនាំកម្លាំងនគរបាលសហការជាមួយកម្លាំងអនុរក្សពន្ធនាគារខេត្តប៉ៃលិនបានចុះទៅនាំខ្លួនស្ត្រីជនសង្ស័យម្នាក់ឈ្មោះ គួង សុគាត់ ហៅស្រីពេជ្រ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅក្នុងភូមិអូរអំបិល ឃុំអូរអំបិល ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកយ៉ុង សារិទ្ធិបន្តទៀតថា នៅពេលនោះខាងមន្ត្រីអនុរក្សពន្ធនាគារបានឆែកឆេរឃើញក្នុងខ្លួនស្ត្រីជនសង្ស័យឃើញមានម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកកICE) ១កញ្ចប់ដែលស្រ្តីរូបនេះ បម្រុងយកទៅឱ្យអ្នកទោសជាសាច់ញាតិដែលជាប់ក្នុងពន្ធនាគារខេត្តប៉ៃលិន ដើម្បីចែកចាយជួញដូរ និងប្រើប្រាស់បន្តក្នុងពន្ធនាគារ ។
បច្ចុប្បន្ននគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពុងរៀបចំសំណុំរឿងជនសង្ស័យខាងលើ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិនចាត់ការតាមនីតិវិធី ៕ ប្រាថ្នា