ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដបុកម៉ូតូបើកស្របទិសគ្នាបណ្ដាលឲ្យស្រ្ដីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្រ្ដីម្នាក់រងរបួសធ្ងន់ ខណៈកំពុងបើកម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្ដមួយគ្រឿងបើកស្របទិសគ្នា មកពីក្រោយបុកពេញមួយទំហឹង កាលពីវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៣  ចន្លោះគីឡូម៉ែត្រ ២៨-២៩  ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា រថយន្ដបុកម៉ូតូម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទបែន ពណ៌សលាយលឿង ពាក់ស្លាកលេខ កំពង់ចាម 3A-7435 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល  ។ ចំណែកជនរងគ្រើរងរបួសធ្ងន់ឈ្មោះ មាស ចាន់នី ភេទស្រី អាយុ៣៩ឆ្នាំ រងរបួសធ្ងន់(ដាច់ជើងស្ដាំ)  មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-6344  មានអ្នករួមដំណើរ ភេទស្រី ពុំទាន់ស្គាល់អត្ដសញ្ញាណ (រងរបួសស្រាល) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញស្រ្ដីរងគ្រោះបើកបរម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទបែន ធ្វើដំណើរស្របទិសគ្នា មកពីក្រោយ បានបុកម៉ូតូស្រ្ដីរងគ្រោះ បណ្ដាលឲ្យម៉ូតូ និងស្រ្ដីរងគ្រោះដួលគាបជាប់ជាមួយនឹងរថយន្ដ រួចកិនដាច់ជើងស្ដាំតែម្ដង រីឯអ្នករួមដំណើរម្នាក់ទៀត ខ្ទាតផុតរងរបួសស្រាល ។ ចំណែកអ្នកបើកបររថយន្ដបានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយឡែកម៉ូតូនិងរថយន្ដ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក ចុះធ្វើការវាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕​ស្អាង​ជ័យ​


ចែករំលែក៖