ខេត្តកំពង់ស្ពឺ៖ ពិតជាគួរឲ្យហួសចិត្តណាស់ដែលអ្នកបើកបររថយន្តដឹកជីម្នាក់ ខណៈបើករថយន្តធ្លាក់ព្រូស្លាប់អត់ដឹងអីសោះ លុះទៅដល់គោលដៅក្រឡេករកមនុស្សលើរថយន្តមិនឃើញទើបភ្ញាក់ខ្លួនព្រឺតដឹងថាព្រូរថយន្តរបស់ខ្លួនបានធ្លាក់ពីលើរថយន្តស្លាប់បាត់ទៅហើយ ។
ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃ ព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវជាតិលេខ១៣០ ត្រង់ចំណុចភូមិព្រៃក្តី សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
មន្រ្តីនគរបាលចរាចរណ៍ ក្រុងច្បារមនបានឲ្យដឹងថា ជនរគ្រោះមានឈ្មោះ ចាន់ ប្រុស អាយុ ៤៧ឆ្នាំ មានមុខរបរព្រូរថយន្ត រស់នៅភូមិស្តុកក្រោល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជាកម្មករដើរតាមរថយន្តដឹកជី(ព្រូ) បានជិះនៅខាងក្រោយលើបាវជី ហើយដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យធ្លាក់ពីលើរថយន្តស្លាប់នៅនឹងកន្លែង។ រីឯអ្នកបើកបរមិនបានដឹងអីទេ ចេះតែបញ្ជារថយន្តទៅមុខរហូតដល់កន្លែងឈប់ដាក់ជីប្រមាណជាង១០គីឡូម៉ែត្រពីកន្លែងកើតហេតុ បានចុះពីលើរថយន្តរកមើលជនរងគ្រោះ(ព្រូ)មិនឃើញ ក៏បានទូរស័ព្ទទាក់ទងទៅអាជ្ញាធរទើបបានដឹងរឿងហេតុអកុសលនេះ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច សហការជាមួយលោកមេភូមិព្រៃក្ដី លោកសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយក្រវ៉ាន់ បានប្រគល់សពឲ្យទៅ ក្រុមគ្រួសារឈ្មោះ សន វុត្ថា យកទៅធ្វើបុណ្យឯស្រុកកំណើត ខណៈអ្នកបើកបរមិនបានត្រឡប់មកមើលជនរងគ្រោះទេ រួចបើកគេចខ្លួនបាត់តែម្តង ៕ ប្រាថ្នា