ព័ត៌មានទាន់ហេតុការណ៍៖

លួចជួបអតីតប្រពន្ធខ្លួននៅលើផ្ទះគេ រួចលួចលុយម្ចាស់ផ្ទះ១ពាន់ដុល្លារគេចខ្លួនបាត់ ចុងក្រោយសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសសង្ស័យម្នាក់ បានលែងលះប្រពន្ធអស់រយះពេលជាង១០ថ្ងៃ ហើយលួចមកជួបប្រពន្ធបង្កក្តីរំខាន ធ្វើឲ្យស្ត្រីជាប្រពន្ធសុំផ្ទះអ្នកជិតខាងដេក ដោយជនសង្ស័យជាប្តីដឹងប្រពន្ធដេកនៅផ្ទះអ្នកជិត ក៏ទៅលួចជួបទៅដល់ក្នុងបន្ទប់ផ្ទះគេ រួចសុំលុយប្រពន្ធ តែប្រពន្ធគ្មានលុយឲ្យក៏រើកកាយផ្ទះគេលួចលុយចំនួន១ពាន់ដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោល ចុងក្រោយសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានដដែល ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២៣និង១០នាទីយប់ ស្ថិតក្នុងភូមិតាកែវទី២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ នី វឿន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ រ៉េត ម៉េងស័ង ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិតាកែវទី២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ដោយឡែកទ្រព្យសម្បត្តិបាត់បង់គឺប្រាក់ដុល្លារចំនួន១ពាន់ដុល្លារសហរដ្ឋអាមេរិក ។

ប្រភពដដែលបន្តថា រយៈពេលជាង១០ថ្ងៃ មកហើយ ដែលស្ត្រីជព្រពន្ធជនសង្ស័យឈ្មោះ ចិន ពៅ បានលែងលះប្តីខ្លួនឈ្មោះ នី វឿន ។ បន្ទាប់ពីលែងលះគ្នា ជនសង្ស័យឈ្មោះ នី វឿន បានទៅស្នាក់នៅផ្ទះកូននៅស្រុកកំណើតភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល រីឯឈ្មោះ ចិន ពៅ ជាប្រពន្ធនៅផ្ទះម្នាក់ឯង ប៉ុន្តែដោយឈ្មោះ នី វឿន ឧស្សាហ៍មកហៅ គោះទ្វារឡើងផ្ទះពេលយប់ច្រើនដង ដែលបង្កក្តីរំខាន ទើបស្រ្តីជាប្រពន្ធឈ្មោះ ចិន ពៅ មកសុំផ្ទះជនរងគ្រោះឈ្មោះ រ៉េត ម៉េងស័ង ដែលជាអ្នកជិតខាងនឹងគ្នា ដើម្បីស្នាក់នៅពេលយប់ ។

លុះដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៩ ម៉ោង ២០ ស្ត្រីជាប្រពន្ធបានឡើងទៅដេកនៅលើផ្ទះជនរងគ្រោះឈ្មោះ រ៉េត ម៉េងស័ង ឯឈ្មោះ រ៉េត ម៉េងស័ង ដេកក្នុងបន្ទប់លើផ្ទះជាមួយប្តីខ្លួនហើយបិទគន្លឹះពីក្នុង ។ លុះមកដល់ម៉ោង ២៣និង០០ នាទី យប់ថ្ងៃដដែល ជនសង្ស័យ ដឹងថាប្រពន្ធខ្លួន ដេកលើផ្ទះជនរងគ្រោះ ក៏ឡើងទៅលើផ្ទះជនរងគ្រោះ ហើយយកកូនកាំបិតចិតបន្លែភ្ជង់ស្ត្រីជាប្រពន្ធ កុំឲ្យស្រែក និងសួរថា មានលុយអត់ ភ្លាមនោះស្ត្រីជាប្រពន្ធ ឆ្លើយថា គ្មានទេ បន្ទាប់មកជនសង្ស័យរើកកាយក្នុងទូរកញ្ចក់លួចយកលុយចំនួន ១ពាន់ដុល្លារ ហើយបើកទ្វាររត់ចុះមកដីស្របពេលនោះឈ្មោះ រ៉េត ម៉េងស័ង បើកទ្វារបន្ទប់ចេញមក ឈ្មោះ ចិន ពៅ ប្រាប់ថា ប្តីគាត់លួចលុយ ហើយរត់បាត់ហើយ ។ លុះព្រឹកឡើងនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលវិហារសួគ៌ ដើម្បីឲ្យសមត្ថកិច្ចចាប់ខ្លួនចាត់ការតាមច្បាប់ ។

បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ភ្លាមនោះក៏រាយការណ៍បន្តទៅនគរបាលជំនាញស្រុក ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា៖ ខ្លួនពិតជាបានលួចលុយរបស់ឈ្មោះ រ៉េត ម៉ែងស័ង ប្រាកដមែន ៕ ស្អាងជ័យ

 


ចែករំលែក៖