ខេត្តកំពង់ធំ៖ ប្ដីវាយប្រពន្ធនឹងអង្រែបុកគ្រឿងបណ្ដាលឲ្យរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង០០នាទី ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សួន សោម ហៅយក្ស ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ចំណែក ជនរងគ្រោះ ឈ្មោះ លី ធៀប អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានកូន៣នាក់ នៅភូមិត្រពាំងក្នុង ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
តាមការបំភ្លឺរបស់ ឈ្មោះ ហ៊ី សុន ហៅ តុន ភេទស្រី អាយុ ៣៩ឆ្នាំ ត្រូវជាក្មួយជីដូនមួយ របស់ជនសង្ស័យបានបំភ្លឺថា គ្រួសាររបស់ជនរងគ្រោះឲ្យតែប្ដីស្រវឹងស្រាម្ដងៗ តែងតែរករឿងដេញវាយប្រពន្ធស្ទើររាល់ថ្ងៃ នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ៨ព្រឹកពេលគាត់កំពុងបេះបន្លែស្លរ បានឃើញជនសង្ស័យផឹកស្រាស្រវឹង ហើយរករឿងដេញវាយប្រពន្ធ ដោយដៃមានកាន់អង្រែបុកគ្រឿងពេលនោះ គាត់បានរត់ទៅឈរបាំងពីមុខ ហើយឃាត់់កុំឲ្យវាយប្រពន្ធ វាមិនល្អទេ តែឈ្មោះ យក្ស មិនបានស្ដាប់ទេ ថែមទាំងគម្រាមវាយគាត់ទៀត ពេលនោះប្រពន្ធគាត់បានរត់ទៅក្រោមផ្ទះ ហើយឈ្មោះយក្ស បានដេញតាមពីក្រោយ ឃើញដូចនោះប្រពន្ធគាត់បានរត់មកឡើង លើផ្លូវវិញ ឈ្មោះ យក្ស ក៏រត់មកទាន់ ហើយក៏ប្រតាយប្រតប់គ្នា ហើយវាយប្រពន្ធមួយអង្រែគ្រឿងចំក្បាលបណ្ដាលឲ្យដួលសន្លប់តែម្ដង ឃើញដូចនោះនាងក៏បានស្រែកហៅបងប្អូនក្នុងភូមិឲ្យជួយនិងនាំយកជនរងគ្រោះទៅមន្ទីពេទ្យឯកជនដើម្បីសង្រ្គោះ ។
សមត្ថកិច្ចបានបញ្ជាក់ថា តាមការស្រាវជ្រាវ ពិនិត្យវិភាគកន្លែងកើតហេតុ អាចឲ្យយើងសន្និដ្ឋានបានថា ជនសង្ស័យពិតជាបានធ្វើសកម្មភាពវាយប្រពន្ធបណ្ដាលឲ្យរងបួសប្រាកដមែន ( មូលហេតុៈស្រវឹងស្រា )។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចបានឃាត់់ខ្លួន និងចងក្រងសំណុំរឿងតាមនីតិវិធី ៕ ប៊ុនរិទ្ធី