ខេត្តសៀមរាប៖ នគរបាលឃាត់ខ្លួនជាងផ្សាដែកម្នាក់ ភ្លាមៗក្រោយពីបានធ្វើសកម្មភាពប្រើអំពើហិង្សាវាយទៅលើ ចាងហ្វាងកាសែត ព្រះច័ន្ទកម្ពុជា បណ្ដាលឲ្យរងរបួស កាលពីម៉ោង១៩និង០០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចក្រុមហ៊ុនបំពង់ទីបជ័រអង្គរ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
សមត្ថកិច្ចនគរបាលបានស្នើសុំគោលការណ៍ ឃាត់ខ្លួនឈ្មោះ សឿង ភា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងផ្សាដែក ស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលបានធ្វើសកម្មភាព ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម ស៊េរីឆ្នាំ២០១៣ ស្លាកលេខ សៀមរាប ១K-០៩៩៦ លេខតួ+លេខម៉ាស៊ីន ៣៦៤៦៩៣ ចូលទៅធ្វើសកម្មភាពប្រើហិង្សា វាយតប់ទៅលើឈ្មោះ ប៉ាត សុខ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ អ្នកកាសែត អស់ជាច្រើនដៃបណ្តាលឲ្យមានស្នាមពកលើក្បាល និងឈឺត្រង់ដើមទ្រូង ក្នុងខណ:ដែលឈ្មោះ ប៉ាត សុខ បានឆ្លៀតយាមជាសន្តិសុខនៅ ក្រុមហ៊ុនខាងលើ ។
ចំពោះឈ្មោះ សឿង ភា និង ឈ្មោះ ប៉ាត សុខ គឺជាអ្នកធ្លាប់ស្គាល់គ្នាពីមុន មុនពេលកើតហេតុឈ្មោះ សឿង ភា ភេទប្រុស មានការផឹកស៊ី ស្រវឹងទើបឈានដល់ មានការវាយតប់លើឈ្មោះ ប៉ាត សុខនោះក្រោយពេលកើតហេតុ រួចសមត្ថកិច្ច បាននាំយកឈ្មោះ សឿង ភា មកសាកសួរ ហើយបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានវាយទៅលើឈ្មោះ ប៉ាត សុខ ពិតប្រាកដមែន ។
តាមការសាកសួរ ជនរងគ្រោះថា ជនសង្ស័យវាខឹងខ្ញុំប្លុកហ្វេសប៊ុកវាចោលពេលវាស្រវឹង បើកម៉ូតូមកដល់កន្លែងខ្ញុំធ្វើការវាដាក់ជន្ទល់ម៉ូតូ ក៏ដើរមកវាយខ្ញុំកំពុងតែអង្គុយធ្វើការតែម្ដង ។
ដោយយោងតាមសាក្សីឃើញហេតុការណ៍ ជាបុគ្គលិកក្រុមហ៊ុនខាងលើ បានឆ្លើយថាខ្លួនគេបានឃើញ ឈ្មោះ សឿង ភា ពិតជាបានវាយទៅលើឈ្មោះ ប៉ាត សុខ ចំនួន ០៣ដៃ ប្រាកដមែន ។
ជនសង្ស័យត្រូវបានបញ្ជូនកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី