ភ្នំពេញ៖ ជនសង្ស័យស្ត្រីជនជាតិវៀតណាម ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ស្រាវជ្រាវឃាត់ខ្លួន ដែលបានចែកចាយ និងរក្សាទុកថ្នាំញៀន ចំនួន៥៣កញ្ចប់ ក្នុង២ករណីផ្សេងគ្នា។
លោកវរសេនីយ៍ទោ ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ ជនសង្ស័យឈ្មោះ ង្វៀង ធីណា អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងម្នាក់ទៀតឈ្មោះ សុខ ហៀង អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅចំណុចកើតហេតុខាងលើ។
លោកវរសេនីយ៍ទោ ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ក្រៅពីដកហូតថ្នាំញៀន ចំនួន៣៣កញ្ចប់ នូវជំហ៊ានដំបូង កម្លាំងសមត្ថកិច្ចបានឈានទៅដកហូតថ្នាំញៀន ចំនួន២០កញ្ចប់បន្ថែមទៀត ជាករណីទី២ ហើយរកឃើញជញ្ជីងថ្លឹង ចំនួន២, ថង់ប្លាស្ទិចសម្រាប់ ច្រកថ្នាំញៀនមួយចំនួន និងមានលុយចំនួន៤ម៉ឺនរៀល ស្ថិតនៅចំណុចក្រុមទី៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ រួមជាមួយថ្នាំញៀន និងវត្ថុតាងពាក់ព័ន្ធសកម្មភាពជួញដូរ និងរក្សាទុកថ្នាំញៀន បានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ