ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់មិនស្រួលខ្លួនងងឹតមុខបើកបររថយន្តទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់មិនស្រួលខ្លួនងងឹតមុខបានបើកបររថយន្ត រេចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ កាលពីម៉ោង១០យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងខាងត្បូងស្តុបទេពផន ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសមិនវ័យចំណាស់ម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាក NISSANX-TRAIL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BE-2015 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបររថយន្ត ងងឹតមុខ បានបើករថយន្តរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរលំអស់មួយកង់ និងវៀចអស់មួយកង់។ចំណែកឯរថយន្តបង្ក ដាច់កាឡេទៅមុខលែង តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។ មួយសន្ទុះក្រោយមក ក៏មានសាច់ញាតិអ្នកបើកបររថយន្តបានមកទទួលជនរងគ្រោះ ចេញពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍ជូនសមត្ថកិច្ច ជំនាញឲ្យចុះមកស្ទូចយករថយន្តបង្ក ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖