ព័ត៌មានទាន់ហេតុការណ៍៖

វាយប្លន់យកទូរស័ព្ទដៃបានសម្រេចហើយរត់គេចខ្លួនដោយយសុវត្ថិភាព មិនរំខានសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ នារីរងគ្រោះម្នាក់ត្រូវបានក្រុមចោរមានគ្នាចំនួន២នាក់ បានធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទដៃ បានសម្រេចរួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល ដោយមិនមានការរំខានដល់សមត្ថកិច្ច ។ 

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរំលងអធាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១២២ កែងផ្លូវលេខ២១៥ នៅចំណុចក្បែរស្តុបDN ដែលស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ ឡា លីន ភេទស្រី អាយុ៣៦ឆ្នាំ មានមុខរបរធ្វើការនៅម្តុំផ្លូវ២១៥ក្បែរ DN ស្នាក់នៅសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ទើបតែចេញមកពីធ្វើការនៅឯម្តុំ DN រួចក៏ដើរមកដល់មុខផ្ទះប្រហែលជាម៉ោងជិត២ រំលងអធាត្រ  គាត់ក៏បានដកទូរស័ព្ទដៃម៉ាក OPPO ១១យកមកទៅតេហៅបងប្អូន ឲ្យបើក ទ្វារ ស្រាប់តែបានមួយសន្ទុះក្រោយមក ក៏លេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំ ស៊េរី មិនចាំស្លាកលេខ បានជិះមកធ្វើសកម្មភាព វាយប្លន់ យកទូរស័ព្ទដៃ និងវាយ៥ដៃ ចំកណ្តាលមុខបណ្តាលឲ្យជនរងគ្រោះរងរបួសបាក់ខ្ទង់ច្រមុះភ្លាមៗនោះដែរ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ហើយពេលដែលកើតហេតុហើយក៏ជនរងគ្រោះ បានស្រែកឲ្យគេជួយដែរ ក៏ប៉ុន្តែនៅម្តុំទីតាំងខាងលើនេះ មានសភាពស្ងាត់ ទើបជនសង្ស័យធ្វើសកម្មភាពដោយងាយស្រួលបែបនេះ ។ 

ប្រភពព័ត៌មានដ៏ដែលបានបន្តទៀតថា ខ្លួនធ្លាប់ត្រូវបានចោរឆក់ចំនួន៤ដង មកហើយ ជនរងគ្រោះផ្ទាល់សូមសំណូមពរដល់សមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូទី៣ មេត្តាជួយស្រាវជ្រាវរកជនសង្ស័យខាងលើដែលធ្វើសកម្មភាពវាយប្លន់លើរូបគាត់ផង យកមកផ្តន្ទាទោសផង ។ 

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារដេប៉ូទី៣ ដើម្បីឲ្យសមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕ ធឿនព្រែកជ័យ


ចែករំលែក៖