ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទ​នៅ​តំបន់ផាត់សណ្តាយ កើតមានព្រោងព្រាត

ចែករំលែក៖

បទល្មើសនេសាទ​តាមរយៈការប្រើប្រាស់ឧបករណ៍ខុសច្បាប់​បាននិងកំពុងកើតមាន​យ៉ាងសកម្ម គគ្រឹកគគ្រេង​នៅឃុំ​ផាត់សំណាយ ព្រំប្រទល់​រវាងស្រុក​កំពង់ស្វាយ នឹងស្រុកសន្ទុក​ក្នុងដែនសមត្ថកិច្ច នាយផ្នែករដ្ឋបាលជលផល​ផាត់សណ្តាយ លោក យ៉ាន់ វិសាក់ ហៅសែ ។ ពួកឈ្មួញ​អ្នករកស៊ីដាក់​បទល្មើសនេសាទ​នៅតំបន់នោះអះអាងថា វាជាធម្មតា​ និងដូចបណ្តាឆ្នាំមុនៗដែរ អ្នកប្រើប្រាស់​ឧបករណ៍ល្មើសច្បាប់សុទ្ធតែត្រូវរ៉ូវ​ជាមួយ​លោកយ៉ាន់ វិសាក់ ហៅសែ ។ ឆ្នាំនេះ លើសឆ្នាំមុនៗទៅទៀត​លើការចំណាយ​ពីព្រោះការបង់ប្រាក់​មិនមែនត្រឹមតែផ្នែកប៉ុណ្ណោះទេ គឺត្រូវបង់ឲ្យនាយ​សង្កាត់ផង និង​នាយខណ្ឌផង ។

ក្រុមអ្នកនេសាទល្មើសច្បាប់អះអាងថា មុនដាក់ឧបករណ៍ខុសច្បាប់​លើផ្ទៃទឹកបាន គឺត្រូវបង់ប្រាក់​ឲ្យនាយផ្នែកជាមុនសិន បន្ទាប់មក គឺត្រូវបង់ឲ្យនាយសង្កាត់ រហូតដល់នាយខណ្ឌ ។ ពួកគេដែលជាមន្ត្រីជលផលអះអាងថា ប្រាក់ទាំងនោះ ​មិនទុកហោប៉ៅផ្ទាល់ខ្លួនទេ គឺត្រូវបញ្ជូនបន្តទៅ​ឲ្យលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប៉ែន វណ្ណរិទ្ធ ​បន្តទៀត ។ រឿងលោកប៉ែន វណ្ណរិទ្ធ​ចែករំលែក​ថ្នាក់ដឹកនាំខេត្តកំពង់ធំ ឬស៊ីដាច់ម្នាក់ឯងនោះ គ្មាននរណាដឹងទេ ។ ប៉ុន្តែប្រភពបង្ហើបថា លោក ប៉ែន វណ្ណរិទ្ធ ក៏បានបន្តក់​ឲ្យថ្នាក់ដឹកនាំ ខេត្តខ្លះៗដែរ បើមិនដូច្នោះទេ ថ្នាក់ដឹកនាំខេត្តមុខជាជំរុញ​ឲ្យបង្ក្រាបបទល្មើស និងស្តីបន្ទោសខ្លះៗជាមិនខាន ។

នៅតំបន់បឹងទន្លេសាប ខេត្តកំពង់ធំ បទល្មើសច្រើនជាងគេស្ថិតនៅក្នុងដែនសមត្ថកិច្ច​លោកយ៉ាន់ វិសាក់ ហៅសែ នេះឯង ។ នរណាក៏ល្បីដែរថា តំបន់ផាត់សណ្តាយ ជាសម្បុកត្រីនៅ​ក្នុងតំបន់បឹងទន្លេសាប​ក្នុងខេត្តកំពង់ធំ ។ ពួកឈ្មួញ​អាចដាក់​ឧបករណ៍នេសាទល្មើសច្បាប់ដោយសេរី គ្រាន់តែ​និយាយ​ជាមួយលោកយ៉ាន់ វិសាក់ ហៅសែ​ឲ្យត្រូវថ្លៃគ្នាប៉ុណ្ណោះ ។ លោកយ៉ាន់ វិសាក់ មិនបានចុះទៅមើលបទល្មើសដោយផ្ទាល់ទេ ពោលគឺមាន​មេការរបស់ពួកឈ្មួញ អ្នកប្រព្រឹត្តល្មើសទាំងនោះទាក់ទងរួចជាស្រេច ។ ពួកអ្នកនេសាទល្មើសច្បាប់​ ក៏បានសែនព្រេន​ឲ្យថ្នាក់នាយខណ្ឌនោះផងដែរ បើមិនដូច្នោះទេ មុខជាគេចុះ​មកចាប់យកស្នាដៃជាមិនខាន ។ រីឯលោកយ៉ាន់ វិសាក់ ក៏ជំរុញ​ឲ្យបង់ជូនថ្នាក់លើនោះដែរ ដើម្បីបានសុខទាំងអស់គ្នា ។ ដូច្នេះមានន័យថា លុយមួយផ្នែកតូចប៉ុណ្ណោះ ដែលលោក សែ លួចច្បិច​ឲ្យថ្នាក់លើ ៕


ចែករំលែក៖