ភ្នំពេញ៖ ប្រធានអង្គការសហប្រជាជាតិ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី ជូលីន ថាម៉េស៊ីស បានមានប្រសាសន៍ថា លោកស្រីមានគោលបំណងចង់ស្វែងយល់ អំពីទស្សនៈវែងឆ្ងាយរបស់រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការរក្សាកំណើន និងការអភិវឌ្ឍរបស់រាជធានី ស្របពេលដែលរាជធានីភ្នំពេញកំពុងមានការរីកចំរើនយ៉ាងខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ការលើកឡើងរបស់លោកស្រី ជូលីន ថាម៉េស៊ីស បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ ស្តីពីកិច្ចការ នគរូបនីយកម្ម និងកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតវាងរដ្ឋបាលរាជធានីភ្នំពេញអង្គការសហប្រជាជាតិ ប្រចាំនៅព្រះរាជាណាចក្រ ។
លោកស្រី ជូលីន ថាម៉េស៊ីស បានមានប្រសាសន៍ថា ការជួបពិភាក្សានេះគឺមានគោលបំណងចង់ស្វែងយល់ អំពីទស្សនៈវែងឆ្ងាយរបស់រាជធានីភ្នំពេញ ក្នុងការរក្សាកំណើនអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ នៅក្នុងពេលអនាគត់ ។ គោលបំណងទី ២ គឺមានគោលបំណងចង់ជម្រាបៗដល់លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឲ្យបានដឹងជុំវិញព្រឹត្តិការណ៍ថ្នាក់ជាតិដែលគ្រោងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលនៅថ្ងៃទី២៧វិច្ឆិកាខាងមុខនេះពាក់ព័ន្ធនឹងនគរូបណីយកម្ម ដែលរៀបចំដោយក្រសួងដែនដី នគរូបណីយកម្ម និងសំណង់ជាមួយអង្គការសហប្រជាជាតិ ។ ដូច្នេះទេលោកស្រីចង់អញ្ជើញលោកអភិបាលរាជធានីភ្នំពេញចូលរួមនៅក្នុងពិធីនេះដើម្បីធ្វើបទ អន្តរាគមន៍ពាក់ព័ន្ធនឹងវិស័យនគរូបនីយកម្មនៅក្នុងរាជធានីភ្នំពេញ ។
ក្រៅពីការ លើកឡើងខាងលើលោកស្រីក៏បានលើកឡើងពីការអីចំរើនរបស់រាជធានីភ្នំពេញពិសេសលើការទុកដាក់សំរាមឃើញថាមានលក្ខណៈល្អប្រសើរដោយសារតែលោកស្រីបានដើរហាត់ប្រាណនៅលើសួនច្បារ គឺមិនមានសំរាម ទេ ។ លោកស្រីក៏បានបង្ហាញពីចំណាប់អារម្មណ៍មួយចំនួនជុំវិញបញ្ហាសន្តិសុខ ដោយលោកស្រីអាចដើរ ទៅកន្លែងផ្សេងៗដោយមិនមានការព្រួយបារម្ភអ្វីឡើយ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងជំនួបនោះបានលើកឡើងពីការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ដោយលោក បញ្ជាក់ថា បច្ចុប្បន្ននេះយើងមានអគារខ្ពស់ៗច្រើន ក្នុងនោះរួមមាន អគារដែលមានកម្ពស់ ៥ ជាន់ទៅ៩ជាន់មានចំនួន៧១៦ អគារ កម្ពស់ ១០ ជាន់ទៅ ១៩ ជាន់មានចំនួន៣៥០ អគារ កំពស់២០ទៅ ២៩ជាន់ មានចំនួន ៨២ អគារ កំពស់ពី ៣០ជាន់ទៅ ៣៩ ជាន់មានចំនួន ៤០ អគារ អគារដែលមានកម្ពស់ពី ៤០ជាន់ឡើងទៅមានចំនួន២៦ អាគារនិងមានបុរីចំនួន២១៨បុរី ។ នេះជាការរីកចម្រើនលើវិស័យនគរូបណីយកម្ម ។ ទន្ទឹមនឹងការឱ្យរីកចម្រើនលើវិស័យតែរាជធានីភ្នំពេញក៏មានបញ្ហាប្រឈមមួយចំនួនផងដែរដូចជាបញ្ហាប្រឈមទៅលើបញ្ហាបរិស្ថាន ការកកស្ទះចរាចរ និងកាកសំណល់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហាប្រឈមទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើការដោះស្រាយផងដែរ ។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ពាក់ព័ន្ធនឹងនគរូបនីយកម្មនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខ បានធ្វើការប្រទានកម្មដីជូនប្រជាពលរដ្ឋយ៉ាងច្រើន ដូចជាប្រជាពលរដ្ឋរស់នៅលើដីសាធារណៈរបស់រដ្ឋ យើងបានប្រទានកម្មជូនពួកគាត់បានជាង៣០០សហគមន និងយើងបានប្រទានកម្មដីឯកជនរបស់រដ្ឋជូនពួកគាត់បានចំនួន ១១៦១៤ ក្បាលដីនៅរាជធានីភ្នំពេញ ដើម្បីឲ្យមានសិទ្ធិរស់នៅស្របច្បាប់ ហើយការងារនេះ រាជរដ្ឋាភិបាល នឹងប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋ អោយបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២១ ដែលនេះបង្ហាញពីការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋដែលមិនមានផ្ទះសំបែងស្នាក់នៅ៕ សំរិត