ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តCANTER បុកពីក្រោយរថយន្តដឹកដែក រងខូចខាតខ្ទេចមុខ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត CANTER មួយគ្រឿងបើកលឿនជ្រុលទៅបុកពីក្រោយ រថយន្តដឹកដែក បណ្តាលឲ្យរងខូចខាតបែកកញ្ចក់ កាប៊ីន និងរងរបួសព្រូរថយន្ត កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

តាមពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូ២គ្រឿង ហុងដា គុបជ្រុង បុកប៉ះគ្នាជាមួយម៉ូតូ ហុងដាសេ១២៥ ក្នុងដំណើរពីលិចទៅកើត ស្របគ្នា ឃើញម៉ូតូ២គ្រឿងប៉ះគ្នា រថយន្តម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ រតនគិរី 3A-0074 ដឹកដែក ដែលបើកពីលិចទៅកើត ហ្វ្រាំងឈប់ ជៀសវាងជ្រុលដោយប្រការណាមួយ ហើយស្របពេលនោះ ស្រាប់តែរថយន្តCANTER ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-1353 លឿនជ្រុល ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុក ពីក្រោយរថយន្តដឹកដែក បណ្តាលឲ្យបុកធ្លាយបែកកញ្ចក់ ខ្ទេចកាប៊ីន រងរបួសព្រូរថយន្ត ។

ក្រោយកើតហេតុ ភាគីម៉ូតូបុកម៉ូតូ និយាយគ្នាត្រូវទៅបាត់អស់ នៅសល់តែរថយន្តនិងរថយន្ត ខណៈដែលភាគីខាង រថយន្ត CANTER អ្នកបើកបររវល់តែយកព្រូទៅពេទ្យបាត់ សមត្ថកិច្ចចុះទៅ យករថយន្តអៀបគៀនខាង ជៀសវាងកកស្ទះចរាចរណ៍ និងរងចាំភាគីខាងរថយន្ត CANTER មកសម្របសម្រួលគ្នា ៕ សុខាសែនជ័យ​


ចែករំលែក៖