ព័ត៌មានទាន់ហេតុការណ៍៖

តើអាជ្ញាធរជាតិអប្សរារៀនបច្ចេកទេស មកពីណា? ធ្វើផ្លូវឆាប់ខូច ជួសជុលយកដីក្រហម មកប៉ះ?

ចែករំលែក៖

ខេត្តសៀមរាប៖ មជ្ឃដ្ឋាននានា មានការងឿងឆ្ងល់ថា តើអាជ្ញាធរជាតិអប្សរា បានរៀនបច្ចេកទេស មកពីខាងណា? បានធ្វើផ្លូវឆាប់ខូចហើយ ពេលជួសជុលវិញ យកដីក្រួសក្រហម មកប៉ះជង្ហុកនោះបែបនេះ?

ជាកស្ដែងផ្លូវមួយខ្សែ ចាប់ពីចំណុចស្វាយធំ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅរង្វង់មូលព្រៃគុយ ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង បន្តទៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ដែលដើមឡើយ ផ្លូវមួយខ្សែនេះ ជាផ្លូវកសាងមិត្តភាពខ្មែរ កូរ៉េ ។ ក្រោយមកដោយសារតែផ្លូវនេះ មានរថយន្តធំៗដឹកដី ដឹកខ្សាច់ ថ្ម ធ្វើចរាចណ៍ បើកឆ្លងកាត់ ជារៀងរាល់ថ្ងៃ បណ្ដាលឲ្យផ្លូវមួយនេះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ។ ក្រោយពីមានការខូចបែបនេះ នៅមុនបុណ្យភ្ជុំបិណ្យ ក្នុងឆ្នាំ២០១៩នេះ ដែលទើបកន្លងហួសថ្មីៗនេះ គេឃើញមានការជួសជុល ធ្វើថ្មី ដោយការចាក់កៅស៊ូ ផងដែរ។ ប៉ុន្តែមិនទាន់បានប៉ុន្មានថ្ងៃផង ការជួសជុល ធ្វើផ្លូវនេះ បានរងការខូចខាត ជាបណ្ដើរៗទៅវិញ គួរឲ្យសោកស្ដាយ យ៉ាងខ្លាំង។

ប្រជាពលរដ្ឋ ធ្វើដំណើរ តាមដងផ្លូវនេះ បានលើកឡើងថា ផ្លូវនេះឃើញទើបតែធ្វើសោះ បែរជាខូចទៅវិញ ទៅហើយ។ ចំណែការជួសជុល ជង្ហុកក្រឡុកនោះ ពួកគាត់សង្កេតឃើញថា យកដីក្រួសក្រហម ទៅប៉ះ តើការជួសជុល របៀបនេះ ជាបច្ចេកទេស រៀនមកពីខាងណាដែរ? ។

មជ្ឍដ្ឋាននានាបានលើកឡើងទៀតថា ការធ្វើផ្លូវ នានា ដែលគ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា ហាកបីដូចជាធ្វើអោយរួចតែពីដៃ ការធ្វើនោះ មិនមានគុណភាពទាល់តែសោះ ធ្វើពីមុខ ខូចខាងក្រោយ ឬអាចនិយាយបានថា ចាក់ស្ដើងស៊ីក្រាស់ ស៊ីក្រាស់ ចាក់ស្ដើង គ្មានគុណភាពទើបឆាប់ខូចយ៉ាងដូច្នេះ ដែលជាហេតុនាំឲ្យ មានការខាតបង់ ថវិកាជាតិ រាប់លានរៀល ក្នុងមួយគម្រោងៗ ដោយសារតែការធ្វើមិនមានគុណភាព ។ នៅមានផ្លូវផ្សេងៗទៀតក៏ធ្វើឬជួសជុលគ្មានគុណភាពដែរ។

ដូច្នេះមហាជន មានការអំពាវនាវ ដល់ថ្នាក់ដឹកនាំ ជាពិសេស ក្រសួងពាក់ព័ន្ធ គួរតែបញ្ជូនក្រុមអធិការកិច្ច បើកការស៊ើបអង្កេត ទៅលើអាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធ ការផ្ដល់គម្រោងធ្វើផ្លូវ នានា នៅខេត្តសៀមរាប ដែល អាចមានបង្កប់អំពើពុករលួយក្នុងគម្រោង។

សូមបញ្ជាក់ផងដែរថានៅថ្ងៃនេះ គេសង្កេតឃើញ មានរថយន្តរាប់សិបគ្រឿង បានសម្រុកដឹកជញ្ជូនដី ថ្ម ខ្សាច់ បើកមកពីប៉ែកខាងលើ នៃស្រុកបន្ទាយស្រី ចូលមកក្រុងសៀមរាប ជាហេតុអាចបណ្ដាលឲ្យផ្លូវមួយនេះ កាន់តែខូចទៅៗ ខណ:ផ្លូវនេះគេធ្លាប់ដាក់កុងត្រូល ហាមរថយន្តធំធ្ងន់ ឆ្លងកាត់។

ជុំវិញការរិះគន់ខាងលើនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា បានបកស្រាយនៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ផ្លូវនិងជួសជុលមិនទាន់រួច ហើយបច្ចុប្បន្នមានការដាក់ផ្លាកហាមឃាតមិនអោយមានរថយន្ដធំដឹកជញ្ចូនឆ្លងកាត់ទេ តែហាមឃាតមិនឈ្នះ ចំណែកការជួសជុលផ្លូវ ដោយយកដីក្រហមមកជួសជុលលើថ្នល់កៅស៊ូនេះ គឺជាបច្ចេកទេសរបស់គេ ៕ ប៊ុនរិទ្ធី


ចែករំលែក៖