ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្មេង និងអ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ បន្ទាប់ពីបានប្រទះឃើញបុរសចំណាស់ម្នាក់ បានលង់ទឹកព្រែកតាស្អាង សង្ស័យស្រវឹងស្រា ហើយហែលទឹកទៅមើលក្របីនៅត្រើយម្ខាង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិតាស្អាង ឃំុកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ កែវ ណុល អាយុ៦១ឆ្នំា មុខរបរកសិករ រស់នៅភូមិតាស្អាង ឃំុកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
តាមអ្នកភូមិបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរទៅព្រែកតាស្អាង ដូចសព្វដងដើម្បីមើលក្របីរបស់គាត់ ប៉ុន្តែខណៈនោះគាត់បានផឹកស្រាស្រវឹង ដោយមានអាការដើរ ទ្រេតទ្រោត ប្រមាណជាមួយម៉ោងក្រោយមក ស្រាប់តែអ្នកភូមិប្រទះឃើញ
លង់ទឹកព្រែកស្លាប់ រួចរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ ទៅពិនិត្យឃើញថា គាត់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ដោយមិនមានស្នាកស្នាមជារឿងឃាតកម្មនោះទេ ។
សាកសពត្រូវបានសមត្ថកិច្ចនគរបាលស្រុកធ្វើកំណត់ និងបានប្រគល់ឲ្យបងប្អូន និងក្រុមគ្រួសារយក មមកផ្ទះធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន