ព័ត៌មានទាន់ហេតុការណ៍៖

បាក់ស្ពាននៅ​បារាំង ស្លាប់​ និងរបួសច្រើននាក់

ចែករំលែក៖

ស្ពានមួយខ្សែតភ្ជាប់ចរាចរណ៍ដ៏សំខាន់​​នៅភាគនិរតី​របស់ប្រទេសបារាំង​នោះ ​បានបាក់​រលំ ធ្លាករថយន្តចំនួន​៣គ្រឿង ចូលទៅក្នុងទឹកទន្លេបាត់ ។

ប្រព័ន្ធផ្សព្វផ្សាយបារាំងបានផ្សាយថា ស្ពានឆ្លងកាត់ដងទន្លេ Tarn នៅភាគនិរតីប្រទេសបារាំង បានបាក់កាលពីថ្ងៃច័ន្ទ (១៨ វិច្ឆិកា) ដោយបានសម្លាប់ក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់ និងជាច្រើននាក់ទៀតរងរបួស។

ស្ពានដែលបាក់នេះ មានកម្ពស់ ១៥០ ម៉ែត្រ ភ្ជាប់ពីក្រុង Mirepoix-sur-Tarn និងទីក្រុង Bessieres ចម្ងាយ ៣០ គីឡូម៉ែត្រ ខាងជើងទីក្រុង Toulouse បានបាក់រលំនៅវេលាម៉ោងប្រហែល ០៨ និង ០០ នាទីព្រឹក ម៉ោងក្នុងស្រុក (០៧០០ GMT) ដោយបាននាំយកទៅយានយន្តចំនួន ៣ ចូលទៅក្នុងទឹកទន្លេ ។

ឧទ្ធម្ភាគចក្រចំនួន ៣ គ្រឿង និងបុគ្គលិកសង្គ្រោះបន្ទាន់ចំនួន ៨០ នាក់ បានស្ថិតនៅកន្លែងកើតហេតុ ដើម្បីស្វែងរកជនរងគ្រោះដែលបាត់ខ្លួន ហើយចំនួនជនរងគ្រោះមានប៉ុន្មាននាក់នោះ នៅមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ជាមួយគ្នានោះដែរ សាកសពជនរងគ្រោះក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ត្រូវបានរកឃើញ និងស្រង់ចេញពីក្នុងទឹក។ គេថា អ្នករងរបួសពីរនាក់ ស្ថិតក្នុងស្ថានភាពរងរបួសធ្ងន់ធ្ងរ ។

គួរបញ្ជាក់ថាស្ពាននៅភាគនិរតីបារាំងនេះ បានសាងសង់ឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ គឺជាចំណុចឆ្លងកាត់ដ៏សំខាន់មួយ នៅលើផ្លូវលេខ ៧១១ ។ អាជ្ញាធរមូលដ្ឋានរបស់បារាំងបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ស្ពាននេះបានកែសម្រួលជួសជុលឡើងវិញទាំងស្រុងនៅក្នុងឆ្នាំ ២០០៣ ហើយជានិច្ចកាល ក្រុមជំនាញបានចុះត្រួតពិនិត្យជាប្រចាំផងដែរ ។

យ៉ាងណាក៏ដោយ ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ឲ្យច្បាស់ពីមូលហេតុបណ្តាលឲ្យបាក់ស្ពាននេះកើតឡើង ៕


ចែករំលែក៖