ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់ជាប់គុក៥ឆ្នាំម្តងហើយ មិនរៀងចាលដើរលួចអំពូលភ្លើងហ្វាបំភ្លឺសួនសាធារណៈ ត្រូវសមត្ថកិច្ចចាប់ដាក់គុកទៀត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារយៈពេល៥ឆ្នាំម្តងរួចហើយ ពាក់ព័ន្ធករណីបង្ករបួសស្នាម ពេលចេញពីគុកវិញមិនរៀងចាលដើរលួចអំពូលភ្លើងហ្វាបំភ្លឺសួនសាធារណៈ ក៏ត្រូវនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួន កាលពីវេលម៉ោង៥ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខក្រសួងការពារជាតិ ផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឡុង សេនាលី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ឃាត់ខ្លួន។

វត្ថុតាងចាប់យក៖ អំពូលភ្លើងហ្វា ម៉ាកIP66-200w ពណ៌ខ្មៅ ទំហំ២៥cm×៣៥cm មួយគ្រាប់ ; កូនសោដោះលេខ១២ ម៉ាកTHC មួយដើម ។

មន្រ្តីនគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៥ ព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការល្បាត ក្នុងភូមិសាស្រ្តតាមបណ្តោយផ្លូវសហព័ន្ធរុស្សី លុះមកដល់ចំណុចសួនច្បារមុខក្រសួងការពារជាតិ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃើញជនសង្ស័យ កំពុងកាន់អំពូលភ្លើងហ្វាបំភ្លឺសួនច្បារសាធារណៈនៅនឹងដៃ ដើរឆ្លងផ្លូវ ភ្លាមនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកតែម្តង ។

ក្រោយពីសាកសួរជនសង្ស័យ បានសារភាពថា អំពូលភ្លើងហ្វានោះ ខ្លួនបានលួចដោះពីលើសួនច្បារសាធារណៈមុខក្រសួងការពារជាតិ ។

តាមការធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យ មានសារធាតុញៀនក្នុងខ្លួន ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារមណ្ឌលកែប្រែព្រៃសរមួយលើក រយ:ពេល០៥ឆ្នាំ កាលពីឆ្នាំ១៩៩១-១៩៩៥ ពីបទបង្ករបួសស្នាម ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកជំនាញសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖