ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងសត្តឃាតជ្រូកមួយកន្លែងរបស់លោក ទ្រី នៅម្ដុំលូប្រាំ ត្រូវពលរដ្ឋប្តឹងអាជ្ញាធរ ព្រោះចោទថាជះក្លិនស្អុយ និងបន្លឺសំឡេងរំខាន ទាំងយប់ ទាំងថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅតែមិនអស់ចិត្ត និងងឿយឆ្ងល់យ៉ាងខ្លាំង ចំពោះទីតាំងសត្តឃាតសត្វជ្រូក មួយកន្លែងរបស់លោក ទ្រី នៅម្ដុំលូប្រាំ ដែលពួកគាត់ប្តឹងអាជ្ញាធរថាមានជះក្លិនស្អុយ និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃ ចំនួន៤លើកមកហើយដែលអាជ្ញាធរខណ្ឌមានជ័យដឹកនាំកម្លាំងចុះត្រួតពិនិត្យប៉ុន្តែដូចជាគ្មានប្រសិទ្ធិភាពឡើយ រហូតមកដល់ពេលនេះ ម្ចាស់សត្តឃាតមួយនេះ នៅតែបន្តធ្វើដោយមិនខ្លាចអាជ្ញាធរបន្តិចណាទាល់តែសោះ នេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ អស់ជំនឿរ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដឹកនាំមន្រ្តីជំនាញបន្តចុះពិនិត្យ ទីតាំងសត្តឃាត ជ្រូកមួយកន្លែងរបស់លោក ទ្រី ម្ដុំលូប្រាំ ដោយយោងតាមបណ្ដឹងរបស់ប្រជាពលរដ្ឋស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប៉ុន្តែមិនមានការផ្អាកអាជីវកម្មទីតាំងមួយនេះឡើយ ។

ដោយឡែកយោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មន្រ្តីជំនាញបានចុះទៅណែនាំដល់ម្ចាស់អាជីវកម្ម ត្រូវរៀបចំទីតាំងសត្តឃាតនេះឲ្យបានល្អប្រសើរ ទៅតាមលក្ខណៈស្តង់ដា បច្ចេកទេសត្រឹមត្រូវ ហើយមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងនោះឡើយ ព្រោះកន្លងមកប្រជាពលរដ្ឋជាច្រើនគ្រួសារប្តឹងចោទប្រកាន់ថា មានជះក្លិនស្អុយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងមានបន្លឺសំឡេងរំខាន ទាំងយប់ទាំងថ្ងៃដល់ពួកគាត់ផងដែរ ៕ ភារ៉ា ដង្កោ


ចែករំលែក៖