ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀកៈ បទល្មើសនេសាទទ្រង់ទ្រាយធំនៅតំបន់បឹងទន្លេសាប ខេត្តកំពង់ធំ មានការឃុបឃិតជាប្រព័ន្ធ

ចែករំលែក៖

ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា ចាប់តាំងពីលោក ហម ហ៊ុន ទទួលបានតំណែងជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ រួចមកគឺបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំក្នុងមូលដ្ឋានពួកគាត់ កំពុងកើតឡើងយ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលជលផលក្នុងតំបន់ពាមបាង ពាមបាឡត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធឃុបឃិតគ្នាបើកដៃឲ្យជនល្មើសប្រើទូកអូសអួនធំៗធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ចំណែកលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ រក្សាភាពស្ងៀមស្ងាត់បណ្ដោយឲ្យបទល្មើសប្រើឧបករណ៍ខុសច្បាប់រាលដាលយ៉ាងពេញបន្ទុកក្នុងតំបន់បឹងទន្លេសាប នៃស្រុកស្ទោង ខេត្តកំពង់ធំ។

ចំណែកប្រជានេសាទនៅតំបន់បឹងទន្លេសាប នៃឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក៏បានឲ្យដឹងដែរថា មួយរយៈពេលចុងក្រោយនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់មានការកើនឡើងយ៉ាងគំហុក ព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបនោះទេ។ ប្រជានេសាទនៅតំបន់បឹងទន្លេសាប នៃស្រុកកំពង់ស្វាយ បានឲ្យដឹងថា នៅពេលពួកគាត់ប្រើឧបករណ៍នេសាទជាលក្ខណៈគ្រួសារ តែងត្រូវមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបយ៉ាងកំរោលគ្មានការយោគយល់ទាល់តែសោះ។ ប៉ុន្តែគេបែរជាឃុបឃិតឲ្យជនល្មើសមួយចំនួនប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំបំផ្លាញធនធានមច្ឆជាតិ ក្នុងបឹងទន្លេសាប នៃខេត្តកំពង់ធំ យ៉ាងអនាធិបតេយ្យ។

តាមប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ក៏ដូចជាលោក ហម ហ៊ុន មេរដ្ឋបាលជលផលខេត្តកំពង់ធំ បានចាត់ទុកបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ជាប្រភពចំណូលរបស់ខ្លួន ហើយបណ្ដោយឲ្យបទល្មើសរាលដាលយ៉ាងគំហុក។ សូម្បីតែលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ក្នុងខណៈដែលបទល្មើសនេសាទប្រើឧបរណ៍ខុសច្បាប់កំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេងនៅលើផ្ទៃបឹងទន្លេសាប នៃខេត្តកំពង់ធំ ចាប់តាំងបីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ តាមប្រភពខ្លះបានឲ្យដឹងថា លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រធានមន្ទីរកសិកម្ម ព្រមទាំងមេរដ្ឋបាលជលផលខេត្តកំពង់ធំ ជាមេខ្លោងនៅពីក្រោយបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប នៃខេត្តកំពង់ធំ ហើយទទួលផលប្រយោជន៍យ៉ាងត្រជាក់ចិត្ត៕


ចែករំលែក៖