ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ លួងលោមក្មេងស្រីអាយុ១៣ឆ្នាំរំលោភសេពសន្ថវៈបានសម្រេច ត្រូវយាយបង្កើតប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ត្រូវជនសង្ស័យម្នាក់លួងលោមរំលោភបានសម្រេច កាលពីវេលាម៉ោង២០ និង១០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ទឹកបុរីសាន់ស៊ីម៉ិច ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏ត្រូវយាយបង្កើតប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ សាំ គ្រៀង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករបុរីសាន់ស៊ីម៉ិច ទីលំនៅបុរីសាន់ស៊ីម៉ិច ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ លុយក្រដាស់១០ដុល្លារចំនួន០១សន្លឹក ,ទូរស័ព្ទដៃចំនួន០២គ្រឿង ,ខោខូចប៊យជើងត្រឹមជង្គង់ចំនួន០១, អាវយឺតពណ៌សវៀលក្លៀកចំនួន០១ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានដើរចេញពីផ្ទះរបស់ឈ្មោះ សុន សុភាព ភេទស្រី អាយុ ២៧ ឆ្នាំ (ជាអ្នកស្គាល់គ្នាជាមួយក្មេងស្រីរងគ្រោះ) ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពេលក្មេងស្រីរងគ្រោះដើរដល់ផ្សាររាត្រីស្ថិតនៅភូមិព្រៃសំព័រខាងលើ ក៏បានជួបនឹងជនសង្ស័យឈ្មោះ សាំ គ្រៀង ភេទប្រុស អាយុ៤០ឆ្នាំ កំពុងដើរលេងក្នុងផ្សាររាត្រី ហើយជនសង្ស័យក៏បានឲ្យលុយទៅក្មេងស្រីរងគ្រោះចំនួន១០ដុល្លារ រួចចាប់ទាញដៃក្មេងស្រីរងគ្រោះចូលទៅក្នុងបន្ទប់ទឹកផ្សាររាត្រី ដែលសាងសង់មិនទាន់រួច ។

បន្ទាប់មកជនសង្ស័យធ្វើសកម្មភាពរំលោភសេបសន្ថវៈ ។ លុះដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបាននិយាយរឿងរ៉ាវ ប្រាប់យាយឲ្យបានដឹង ។ យាយរបស់ក្មេងស្រីរងគ្រោះ បានមកប្តឹងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ហើយនៅវេលាម៉ោង០៩និង០០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង នៅត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ បុរីសាន់ស៊ីម៉ិច ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកសាកសួរតាមច្បាប់ ។

ជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការបន្ត ៕ ភារ៉ា ដង្កោ


ចែករំលែក៖