ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងមែនយកម៉ូតូទៅបាត់ហើយមិនអស់ចិត្ត ឲ្យបក្ខពួកមកគំរាមយកកាតគ្រីទៀត

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យប្រើល្បិចឆបោកយកម៉ូតូអ្នកស្គាល់គ្នាបានហើយគេចទៅបាត់ លក់គ្មានអ្នកហ៊ានទិញ ប្រើបក្ខពួកឲ្យទៅគំរាមយកកាតគ្រីបន្ថែម ម្ចាស់ប្តឹងប៉ូលិសដេញចាប់រត់ផ្អើល ក្របួចជាប់២នាក់ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ហើយបន្តទៅតាមឃាត់បុរសម្នាក់ទៀត សរុប៣នាក់ ។

ជនចាប់ខ្លួន២នាក់ ទី១ ឈ្មោះ វណ្ណ ណារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិឫស្សីស្រស់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។ ទី២ ឈ្មោះ ឃិន សុភ័ស្ត ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានទីលំនៅ ក្បែរខាងជាមួយជនទី១ដែរ ។ ដោយឡែកបុរសម្នាក់ទៀតសមត្ថកិច្ចឃាត់ហៅសាកសួរដែរនោះ ឈ្មោះ ប៊ុត ចាន់ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងដែក ស្នាកនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ ចំណែកស្ត្រីម្ចាស់ម៉ូតូឈ្មោះ ថាន ម៉េងលី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ រីឯម៉ូតូដែលជនសង្ស័យឆបោក ម៉ាក ZOOMER ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1GN-9795 ។

តាមស្ត្រីម្ចាស់ម៉ូតូបានឲ្យដឹងថា ម៉ូតូរបស់គាត់ត្រូវបានអ្នកស្គាល់គ្នាខ្ចីជិះកាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ហើយជិះគេចទៅបាត់ មិនឃើញវិលវិញ គាត់ក៏បានដាក់ពាក្យបណ្តឹងហើយដែរ ស្រាប់តែមកដល់រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានឈ្មោះ វណ្ណ ណារ៉ា មកគំរាមទាមទារ យកកាតគ្រីម៉ូតូ ដោយប្រាប់ថា មានគេប្រើឲ្យមកទារយកកាតគ្រី ទើបប្តឹងប៉ូលិស ដេញតាមឃាត់ខ្លួន ឈ្មោះ វណ្ណ ណារ៉ា រួមជាមួយបុរសម្នាក់ទៀតផង ដែលកំពុងជិះម៉ូតូកង់បី ព្យាយាមបើករត់ នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ឈានដល់តាមស្វែងរកបក្ខពួក រហូតឃាត់បានបុរសម្នាក់ទៀត ។

ជនទាំង៣នាក់ទោះជាយ៉ាងណាក្តី សមត្ថកិច្ចឃាត់ខ្លួន នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីស្រាវជ្រាវស្វែងរកអ្នកបញ្ជានៅពីក្រោយខ្នង ៕ សុខាសែនជ័យ​


ចែករំលែក៖