ខេត្តកណ្ដាលៈ បុរសម្នាក់ ដែលជាមនុស្សវិកលចរិក(សតិមិនគ្រប់) ត្រូវបានប្អូនស្រីបង្កើតយកទៅឃុំខ្លួននៅក្រោមដើមស្វាយខាងក្រោយផ្ទះប្រហែល១០០ម៉ែត្រ អស់រយៈពេល១០ឆ្នាំ បន្ទាប់ពីសមត្ថកិច្ចដឹងថា មានករណីឃុំខ្លួន ភ្លាមៗក៏ចុះមកជួយអន្ដរាគមន៍ដើម្បីរកដំណោះស្រាយដល់ក្រុមគ្រួសារបងប្អូនទាំង២នាក់ ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទីស្ថិតក្នុងភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សមត្ថកិច្ចទទួលបានព័ត៌មានថា មានករណីឃុំមនុស្ស ភ្លាមៗនោះកម្លាំងសមត្ថកិច្ច បានចុះទៅដល់ចំណុចកើតហេតុ ដោយសហការជាមួយកម្លាំងចំរុះដឹកនាំដោយលោកស្រី ឡុង ណាវី អភិបាលរងស្រុក ,លោក អ៊ុន យ៉ុង អធិការរង ,លោក ម៉ៅ សុផល នាយការិយាល័យប្រចាំការការជួញដូរមនុស្ស ,លោកស្រី ឆាំ វណ្ណា ប្រធានការិយាល័យសង្គមកិច្ចស្រុក ,លោកមេឃុំ ,លោកនាយប៉ុស្តិ៍ ,លោកមេភូមិ និងគ្រូពេទ្យ បានអន្ដរាគមន៍ជួយសង្រ្គោះដើម្បីរកស្រាយ ។
ជនរងគ្រោះឈ្មោះ ចេង គីមសេង ហៅ អោក ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សវិកលចរិក (ត្រូវជាបងបង្កើតរបស់ស្រ្ដីជាឃុំខ្លួន) រីឯស្រ្ដីដែលជាអ្នកឃុំខ្លួនឈ្មោះ ចេង គីមអាង អាយុ៤៧ឆ្នាំ មុខរបរ កសិករ (ត្រូវជាប្អូនរបស់ជនរងគ្រោះ) ។ ជនរងគ្រោះនិងស្រ្ដីជាប្អូនមានទីលំនៅភូមិឃុំកើតហេតុ ។
តាមការបំភ្លឺរបស់ស្រ្ដីដែលជាឃុំខ្លួនបងប្រុសខ្លួនឯងបានឲ្យដឹងថា អស់រយៈពេល១០ឆ្នាំហើយ ព្រោះដោយសារតែជនរងគ្រោះជាបងជាមនុស្សវិកលចរិក ហើយមានចរិកកាចសាហាវទៀតផង ហើយស្រ្ដីជាប្អូន បានទៅរកគ្រូជួយព្យាបាលដែរ តែព្យាបាលមិនជានោះឡើយ ដោយមានការភ័យខ្លាច ក្រែងជនរងគ្រោះធ្វើទង្វើអាក្រក់ដោយប្រការណាមួយ ទើបស្រ្ដីជាប្អូន បានសម្រេចយកបងប្រុសខ្លួនឯងទៅឃុំទុកនៅក្រោមដើមស្វាយ ខាងក្រោយផ្ទះចំងាយ១០០ម៉ែត្រ ដោយបានសង់រោងមួយផងដែរ តែរោងនោះត្រូវជនរងគ្រោះវាយបំផ្លិចបំផ្លាញចោលអស់ទៅ រួចក៏សម្រេចិត្ដដាក់ច្រវ៉ាក់ជើងដើម្បីការពារកុំឲ្យជនរងគ្រោះដើរទៅណាផ្សេង ។ ចំណែកឯការមើលថែវិញ ស្រ្ដីជាប្អូនបានរៀបចំបាយទឹកមួយថ្ងៃ៣ដង ដល់ជនរងគ្រោះផងដែរ ។
ប្រភពដដែលបន្ដទៀតថា បន្ទាប់ពីសមត្ថកិច្ចដឹងថា ស្រ្ដីជាប្អូនឃុំខ្លួនបងប្រុសខ្លួនឯង ភ្លាមនោះ បានសហការជាមួយកម្លាំងចំរុះ ជួយអន្ដរាគមន៍ ដោះស្រាយយកជនរងគ្រោះ មកឲ្យរស់នៅក្រោមផ្ទះប្អូនស្រីរបស់ខ្លួនវិញ ដោយសំអាតរាងកាយ ស្លៀកពាក់ខោអាវថ្មីបានសមរ្យ ហើយដោយមើលឃើញថា ស្រ្ដីជាប្អូនមានជីវភាពខ្វះខាត រដ្ឋអំណាចឃុំនឹងសង់ផ្ទះទំហំ ៤x៤ម៉ែត្រ ជូនជនរងគ្រោះក្នុងពេលឆាប់ៗនេះផងដែរ ៕ ស្អាងជ័យ