ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋក្រីក្រខ្វះខាតនិងជាជនពិការចំនួន៣៥គ្រួសារ មកពីសង្កាត់ទាំង១១ ខណ្ឌដូនពេញ ទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និងជាអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ កាលពី៤រសៀលថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែករំលែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាត និងជា ជនពិការ ចំនួន៣៥គ្រួសារ មកពីសង្កាត់ទាំង១១ ខណ្ឌដូនពេញ ។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាល សម្តេច និង ថ្នាក់ដឹកនាំ តែងតែគិតគូយកចិត្តទុកដាក់ខ្ពស់បំផុត លើការងារមនុស្សធម៌ ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស តាមរយៈកិច្ចអភិវឌ្ឍន៍គ្រប់វិស័យឥតឈប់ឈរ និង រីកចម្រើនជាលំដាប់ ។

ដោយឡែកអំណោយមនុស្សធម៌ ដែលបានប្រគល់ជូននាពេលនេះរួមមាន៖ អង្ករចំនួន ០១បាវ ស្មើនឹង ២៥គីឡូក្រាម, មី០១កេស ,ទឹកត្រីចំនួន០១យួរ, ថ្នាំដុសធ្មេញ ទឹកក្រូច ទឹកដោះគោ និង ថវិកាចំនួន ៤០,០០០រៀល/គ្រួសារ សរុបថវិកាចំនួន ១,៤០០,០០០រៀលផងដែរ ៕ស តារា


ចែករំលែក៖