ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ហើយមិនមានការប្រុងប្រយ័ត្ន ខណៈឱនយកទឹកផឹក ស្រាប់តែជ្រុលចង្កូតទៅបុករង្វង់មូលគល់ស្ពានព្រែកសំរោង និងរេចង្កូតទៅបុកបង្គោលភ្លើង ព្រមទាំងបង្គោលឃាំងចិញ្ចើមផ្លូវបាក់អស់២ដើម ឯរថយន្តធ្លាក់ផ្លូវរងការខូចខាត ។
ករណីគ្រោះថ្នាក់ចរារចណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចរង្វង់មូលជាប់គល់ស្ពានព្រែកសំរោង កែងផ្លូវថៃហ្គ័រ ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយបើករថយន្តបង្ក ម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-5715 ។
បើតាមសម្ដីម្ចាស់រថយន្តបង្កដោយមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា រូបគាត់បានបើករថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវថៃហ្គ័រ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុមិននឹកស្មានថាដល់រង្វង់មូល រួចក៏ឱនយកទឹកផឹក ពេលកំពុងតែឱនស្រាប់តែមកដល់រង្វង់មូលតែម្ដង ទើបក៏បុកសួនរង្វង់មូល ហើយរេចង្កូតមកស្ដាំដៃទៅបុកបង្គោលភ្លើង ,បង្គោលឃាំងចិញ្ចើមផ្លូវ បាក់ទាំងអស់២ដើមរាប់ដល់ដី ។ ចំណែករថយន្តបានធ្លាក់ផ្លូវ និងបើកកាត់ព្រៃបំរុងគេចខ្លួន តែត្រូវសមត្ថកិច្ចដែលប្រចាំការឃើញទាន់ ក៏ឃាត់បានទាំងអ្នកបើកបរ និងរថយន្ត ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបានបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តបង្ក និងទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ