ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញរកឃើញងៀតត្រីផ្ទោង៤០គីឡូក្រាម និងប័រ២០កំប៉ុង ខូចគុណភាពនៅផ្សារវាលយន្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញ រកឃើញងៀតត្រីផ្ទោង៤០គីឡូក្រាម និងប័រ២០កំប៉ុង ខូចគុណភាពនៅផ្សារវាលយន្តកាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ចកាំកុងត្រូលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពិនិត្យមុខទំនិញចំនួនជាច្រើនមុខ ក្នុងផ្សារវាលយន្តនេះ បានរកឃើញទំនិញខូចគុណភាព ក្នុងនោះមានប័រ២០កំប៉ុង និងងៀតត្រីផ្ទោង៤០គីឡូក្រាម ចំណែកអ្នកលក់ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់គ្នា បានយល់ដឹងនូវផលប៉ះពាល់ដល់ សុខភាពរបស់ពលរដ្ឋ។

សមត្ថកិច្ចជំនាញក៏ បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗនិយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញ នៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានជាបន្តបន្ទាប់បន្ថែមទៀតផងដែរ។

ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង ភាពរស់រាននៃជីវិតរបស់មនុស្សផងដែរ ៕យឹម សុថាន


ចែករំលែក៖