ព័ត៌មានទាន់ហេតុការណ៍៖

ចិនកាត់បន្ថយការផ្តល់ទិដ្ឋាការដល់មន្ត្រីអាមេរិកជាប់ពាក់ព័ន្ធបញ្ហាហុងកុង និងស៊ីនជាំង

ចែករំលែក៖

សារព័ត៌មាន​Sputnik ​នៅថ្ងៃទី​៣ខែធ្នូ បានផ្សាយថា ចិន​កំពុងពិចារណា កាត់បន្ថយការផ្តល់ទិដ្ឋាការ ដល់មន្ត្រីអាមេរិក ដែលជាប់ពាក់ព័ន្ធ បញ្ហាស៊ីនជាំង និង ហុងកុង ។ សកម្មភាពខាងលើ​របស់ចិនកើតឡើងក្រោយពេលដែល​ តំណាងរាស្ត្រអាមេរិក​​បោះឆ្នោត​គាំទ្រលោកត្រាំ និងរដ្ឋាភិបាលវាយតម្លៃជាប្រចាំ និងដាក់ទណ្ឌកម្មចិន​ដែលបំពានច្បសប់សិទ្ធិមនុស្សនៅទីនោះ។

តាំងពីដើមមក អាមេរិកតែងតែចោទប្រកាន់ ចិន​រំលោភបំពានសិទ្ធិមនុស្ស នៅតំបន់គ្រប់គ្រងស្វាយភាព ក្នុងនោះមាន ស៊ីនជាំង ទីបេ ហុងកុង ជាដើម​។ ប៉ុន្តែអ្នកឯកទេសវិភាគបានលើកឡើងថា សកម្មភាពរបស់អាមេរិកគឺ អ៊ុកឡុងបញ្ហាផ្ទៃក្នុង កោះកកាយផ្ទៃក្នុង ឲ្យបះបោរ ដើម្បីរដ្ឋាភិបាលចិនផ្តោត ដោះស្រាយបញ្ហាផ្ទៃក្នុងច្រើនជាងនៅខាងក្រៅ​។

ជាមួយគ្នានោះដែរក្រសួងការបរទេសចិន​ ​កាលពីថ្ងៃទី​២ខែធ្នូបានប្រកាស ហាមប្រាមជាដាច់ខាត​រាល់យន្តហោះ ចម្បាំង នាវាចម្បាំង ក៏ដូចជាមន្ត្រីយោធា ទស្សនកិច្ចទៅកាន់ហ៊ុងកុង។ ជាមួយគ្នានោះចិនក៏បានថ្កោលទោសដល់អាមេរិក និងដាក់ទណ្ឌកម្មទៅ ដល់បណ្តាអង្គការជាប់ពាក់ព័ន្ធ​នឹងសកម្មភាពហិង្សា ដោយបាតុកម្មនៅហុងកុង​។

ការប្រកាសរបស់ក្រសួងការបរទេចិន កាលពីថ្ងៃទី​២ខែធ្នូ​ គឺជាការឆ្លើយតបទៅនឹង​ច្បាប់ស្តីពីសិទ្ធិមនុស្ស របស់អាមេរិក នៅកោះហុងកុងដែល លោកត្រាំ បានចុះហត្ថលេខា​កាលពីសប្តាហ៍កន្លងមក​។ ក្រសួងការបរទេសចិន បានផ្អាក់ទាំងស្រុងរាល់ដំណើរទស្សនកិច្ច របស់មន្ត្រីយោធាអាមេរិក ក៏ដូចជា កម្លាំងទាហាន ជើងទឹកជើងអាកាសទៅកាន់កោះហុងកុង​។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន​ កែប្រែនៅកំហុសរបស់ខ្លួន ដោយឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន​។

ក្រសួងការបរទេសចិនក៏បានប្រកាសថា នឹងអនុវត្ត​វិធីសាស្ត្រចាំបាច់​ដើម្បីរក្សា​សន្តិសុខ ស្ថេរភាពនៅកោះហុងកុង ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ចិន​។​

ក្រុមអ្នកឯកទេសលើកឡើងថា អាមេរិកកំពុងតែប្រើប្រាស់កោះហុងកុង​ដើម្បី​វាយប្រហារទៅលើចិនដីគោក ទាំងនោះជាយុទ្ធសាស្ត្ររបស់អាមេរិក​ ដើម្បីទប់ទល់ ការពង្រីកឥទ្ថិពលរបស់ចិន​ អាចក្លាយទៅជាមហាអំណាច យោធានិងសេដ្ឋកិច្ចនៅលើពិភពលោក ​។ បច្ចុប្បន្ន ចិន ជាមហាអំណាចការទូត ខ្លាំងជាងគេបំផុតលើពិភពលោក នាំមុខអាមេរិក​។

តាម​រយៈ​សេចក្តីថ្លែង​ការណ៍​ពីក្រុង​ប៉េកាំង រដ្ឋ​អំណាច​ចិន​ យល់ឃើញ​ថា ឧត្តម​ស្នងការ​សិទ្ធិមនុស្សរបស់​អង្គការ​សហប្រជាជាតិ​ លោកស្រី Michelle Bachelet ​​ ​បានប្រព្រឹត្តកំហុស និង​បាន​ជ្រៀតជ្រែកលូកដៃ​កកូរកកាយ​កិច្ចការផ្ទៃក្នុងរបស់ចិន។ ប្រតិកម្ម​វាយ​បក​របស់​រដ្ឋបាល​ក្រុង​ប៉េកាំង​យ៉ាង​ដូច្នេះ គឺ​បន្ទាប់ពី​លោកស្រីបាន​​ជំរុញ​ឲ្យ​រដ្ឋបាល​ហុងកុង​បើកការ​អង្កេត​ចំពោះ​ហិង្សា​​របស់ប៉ូលីស​ទៅហ្វូង​បាតុករ។

តាម​ការ​ផ្សាយ​របស់​កាសែត​ The South China Morning Post គឺ​ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានធ្វើ​រឿង​មិន​សមរម្យ ហើយ​រដ្ឋអំណាច​ចិន​យល់ថា​លោកស្រី​បា​នធ្វើ​​កំហុស ដោយ​បានជ្រលក់ដៃ​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋបាលក្រុង​ប៉េកាំង​។ ​របប​ទីក្រុង​ប៉េកាំង ប្រតិកម្ម​ដូច្នេះ ដោយ​សំអាង​ទៅលើ​គោល​ការ​ណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ ដែល​មាន​ចែង​នៅក្នុង​ធម្មនុញ្ញ​របស់អង្គការ​សហប្រជាជាតិ។​

សូមរម្លឹក​ជូនថា ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បាន​ថ្លែង​ពី​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស ពីថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​ ដោយលោកស្រី​​ជំរុញ​អាជ្ញាធរ​ហុង​កុង​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​​ឯករាជ្យ​យុត្តិធម៌ ​ ចំពោះ​សំណុំ​រឿង​ហិង្សា​ដែល​ប៉ូលីស​ហុងកុង​បាន​ធ្វើ​ជ្រុល​ជ្រួស​លើ​ក្រុម​បាតុករ​ ហើយ​ការ​អង្កេត​នេះ ត្រូវ​ដឹកនាំដោយ​ចៅក្រម​ដែល​មាន​ភាព​អព្យាក្រឹត្យ​​។​

ដោយសារតែ​ការ​លើកឡើង​បែប​​នេះហើយ ទើប​របបកុម្មុយនីស្ត​ចិន​ យល់ឃើញ​ថា​ ​ លោកស្រី​​ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មាន​ការ​ខុសឆ្គង​ចំពោះ​សម្តី​របស់ខ្លួន ហើយ​សម្តីនេះ គឺ​នឹង​បញ្ឆេះ​​កំហឹង ព្រមទាំង​ជំរុញ​ទឹក​ចិត្ត​ដល់​ហ្វូង​បាតុករ​ហុងកុង​ ឲ្យ​កាន់តែ​ផុសផុល​ឡើង ងើប​ឡើង​ប្រឆាំង​នឹង​រដ្ឋ​អំណាច​។

មកដល់​ខែ​ធ្នូ ២០១៩​នេះ គឺ​ជាគម្រប់​ខែ​ទី​៦ហើយ ដែល​បាតុករ​ហុងកុង​ចុះ​ផ្លូវ​តវ៉ា​ស្រែកទាមទារ​សេរីភាព និង​ប្រជាធិបតេយ្យ ប្រឆាំង​នឹង​រដ្ឋបាល​ហុងកុង​ដែល​រណប​ចិន​ប៉េកាំង។ ក្នុង​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​ ប៉ុន្មា​នថ្ងៃ​មុន​នេះ ក្រុម​គណបក្ស​ខាង​អ្នក​ប្រជាធិបតេយ្យ​ បាន​ឈ្នះ​សំឡេង​ច្រើនសន្ធឹក​​។​ ថ្ងៃ​អាទិត្យ​នេះទៀត មានមនុស្ស​ខាប់​ដូច​ទឹកគ្រឿង​ ទាំងចាស់​ទាំង​ក្មេង ច្រើន​​កុះករ​បាន​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​។ ក៏ប៉ុន្តែ ទាំងក្រុង​ប៉េកាំង និង​រដ្ឋបាល​ស្វ័យ​ត​ហុងកុង តែងចោទ​ក្រុមបាតុករ​ថា កំពុង​តែ​ធ្វើ​កុប្បកម្ម​ ហិង្សា ហើយ និងកំពុង​ធ្វើ​«បដិវត្តន៍​ពណ៌» ដែល​នេះគឺ​​បាន​ទទួល​ឥទ្ធិពលមនោគមន៍​វិជ្ជា​ពីបរទេស ហើយ​​ប្រុង​តែ​នឹង​បង្កអស្ថិរភាពដល់​ការ​ដឹកនាំ​របស់​ប៉េកាំង និង​ហុងកុង៕


ចែករំលែក៖