ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរាយការណ៍ភ្លាម ចុះឃាត់ខ្លួនបាន៦នាក់ ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មនុស្សប្រុសស្រីចំនួន៦នាក់ ដែលបានប្រមូលផ្តុំគ្នាប្រើប្រាស់ និងជួញដូរថ្នាំញៀនខុសច្បាប់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចុះបង្ក្រាបនិងឃាត់ខ្លួន និងចាប់យកវត្ថុតាងថ្នាំញៀនចំនួន០៤កញ្ចប់ ,ទូរស័ព្ទដៃចំនួន១០គ្រឿង និងម៉ូតូចំនួន០៣គ្រឿង ចាត់ការតាមច្បាប់ ។

លោកវរសេនីយ៍ទោជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ លោក បានសហការជាមួយកម្លាំងស្រុកកោះសូទិន និងកម្លាំងស្រុកអូររាំងឪ ចុះបង្ក្រាបនៅចំណុចភូមិកំពង់ឪច្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងនោះកម្លាំងឃាត់ជនសង្ស័យបានចំនួន៦នាក់ ស្រីម្នាក់ ដោយប្រើវិធាន ការញុះញង់ ។

លោកបន្តថា កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងពីម្សិលមិញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយជំនាញស្រុកកោះសូទិន ,កម្លាំងជំនាញស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកផ្ទាល់ ឲ្យចុះបង្ក្រាបនៅចំណុចភូមិកំពង់ឪច្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ជនសង្ស័យទាំង៦នាក់ ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ៖ ១-ឈ្មោះឈិន រតនា ភេទប្រុស សញ្ជាតិខ្មែរ អាយុ២២ឆ្នាំ រស់នៅភូមិ ស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម , ២-ឈ្មោះដេត ឃន់ ភេទប្រុស សញ្ជាតិខ្មែរ អាយុ៤០ឆ្នាំ រស់នៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ , ៣-ឈ្មោះកន រតនា ភេទស្រី សញ្ជាតិខ្មែរ អាយុ៣០ឆ្នាំ រស់នៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ,៤-ឈ្មោះហ៊ីម សុផានិត ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិពង្រ ឃំុពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ,៥-ឈ្មោះថៃ ឃុនស៊ី ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ នៅភូមិទំពូង ឃំុល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម និង៦-ឈ្មោះគាន សុខនី ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិព្រែកគល់ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ចំពោះវត្ថុតាងដែលដកហូតបានរួមមាន ៖ ថ្នាំញៀនចំនួន០៤កញ្ចប់ ,ទូរស័ព្ទដៃចំនួន១០គ្រឿង និងម៉ូតូចំនួន០៣គ្រឿង ៕ វណ្ណៈ


ចែករំលែក៖