ព័ត៌មានទាន់ហេតុការណ៍៖

តើអាមេរិកមានបំណងអ្វី ទើបគម្រោងបញ្ជូនទាហាន​១៤ពាន់នាក់ទៅកាន់មជ្ឈិមបូព៌ា​

ចែករំលែក៖

នៅពេលនេះ អាមេរិកក៏បានប្រកាសបន្តពិភាក្សាស្តីពីសន្តិភាពជាមួយក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមអ្នកចរចា​អាមេរិក​ស្តីអំពី​បញ្ហា​សន្តិភាព​នៅអាហ្វហ្គានីស្ថាន នឹងចាប់ផ្ដើមពិភាក្សាជាមួយក្រុមតាលីបង់​ នៅពេលឆាប់ៗខាងមុខនេះ ក្រោយរយៈពេលប្រហែល​៣ខែ​បានបញ្ឈប់​ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។

មន្ត្រីជាន់ខ្ពស់អាហ្វហ្គានីស្ថានមួយរូបបានថ្លែងប្រាប់ប្រភព AFP ផ្សាយថា លោក Zalmay Khalilzad ប្រធានក្រុមចរចាអាមេរិក បានទៅដល់ទីក្រុងកាប៊ុល ដើម្បីជួបជាមួយប្រធានាធិបតី Ashraf Ghani មិនដល់មួយសប្តាហ៍ផង បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទស្សនកិច្ចនៅអាហ្វហ្គានីស្ថាន ​​ហើយបានជូនពរដល់ការវិលត្រឡប់កិច្ចពិភាក្សា​សន្តិភាពឡើងវិញនោះ ។

ចំណែកស្ថានភាពនៅក្នុងប្រទេសស៊ីរី ក៏ល្អប្រសើជាងមុន ដោយមានរុស្ស៊ី​ ជួយដល់ទាហានស៊ីរី យកឈ្នះ នៅគ្រប់សមរភូមិប្រយុទ្ធ ។ ចំណែកទាហានអាមេរិក​ក៏បានដកចេញពីប្រទេសស៊ីរី វិញផងដែរ​ ។ តើហេតុអ្វីបានជា ប្រធានាធិបតីអាមេរិក មានគម្រោងបញ្ជូនទាហានមួយចំនួនធំទៅកាន់ មជ្ឈិមបូព៌ាជាបន្តទៀត​ ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា គោលដៅរបស់អាមេរិកនៅមជ្ឈិមបូព៌ា មិនទាន់​ចប់នៅឡើយទេ បើអាមេរិក មិនទាន់កម្ចាត់អ៊ីរ៉ង់បាន​នោះ ។ កាលពីថ្ងៃទី​៥ខែធ្នូ សារព័ត៌មាន​​ Wall Street Journal ​បានដកស្រង់សម្តី​មន្ត្រីជាន់ខ្ពស់អាមេរិក​ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាលត្រាំ មានគម្រោងបញ្ជូនទាហានបន្ថែមដល់ទៅ១៤ពាន់នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា​ ។

គោលដៅនៃការបញ្ជូនកម្លាំងទាហានយ៉ាងច្រើនបែបនេះទៅកាន់អាមេរិកគឺដើម្បី ទប់ទល់ជាមួយអ៊ីរ៉ង់ ដែលកំពុងតែពង្រីកអំណាច និង​បង្កើនឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ា ។

សកម្មភាពខាងលើ​របស់អាមេរិក​ និងធ្វើឲ្យតំបន់កាន់តែតានតឹងថែមទៀត​ ។ ​ជាមួយគ្នានោះអាមេរិកក៏បានបន្ថែមមន្ត្រី និងបុគ្គលិកស្ថានទូត ​ប្រចាំនៅបណ្តាប្រទេសតំបន់ជម្ឈិមបូព៌ា ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នឹងត្រូវសម្រេចនៅខែធ្នូនេះថាតើបន្ថែមទាហាន ទៅកាន់​មជ្ឈិមបូព៌ាដែរឬទេ ។

កាលពីខែឧសភា កន្លងមក អាមេរិកក៏បានបញ្ជូន កម្លាំងទាហានជើងទឹក ដឹកនាំដោយ​នាវាផ្ទុកយន្តហោះ Abraham Lincoln ​ ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោយទទួលបានព័ត៌មានអ៊ីរ៉ង់បានបញ្ជូនម៉ីស៊ីលទៅកាន់ឈូងសមុទ្រ​ ។

កាលពីថ្ងៃទី​២០ ខែមិថុនា អាមេរិក​បានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើក មួយគ្រឿង មានតម្លៃដល់ទៅ​២០០លានដុល្លារ​របស់អាមេរិក​ដោយចោទប្រកាន់យន្តហោះនោះបានចូលដែនអាកាសរបស់អ៊ីរ៉ង់​ ។

ពេលថ្មីៗនេះអ៊ីរ៉ង់បានបន្ទាន់ឥរិយាបទជាមួយអាមេរិក ដោយ ប្រធានាធិបតី ហាសសាន​រ៉ូហានី បានលើកឡើងថា អ៊ីរ៉ង់បានត្រៀមលក្ខណៈ​ពិភាក្សាជាមួយ អាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនព្រមលុបទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់នោះ ។

ជាមួយគ្នានេះកងនាវាចម្បាំងអាមេរិក រឹបអូសមីស៊ីលនាំទៅកាន់យេមែន ។ មន្រ្ដីអាមេរិក បានឲ្យដឹងថា កងនាវាចម្បាំងអាមេរិក បានរឹបអូស​​គ្រឿងបន្លាស់មីស៊ីលនាំផ្លូវ​របស់អ៊ីរ៉ង់ ដែលបបញ្ជូនទៅឲ្យក្រុមឧទ្ទាមហ៊ូធី ប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល នៅក្នុងប្រទេសយេមែន ។

មន្រ្ដីអាមេរិក បានបន្ដថា នេះជាលើកទីមួយ ដែលកងទ័ពជើងទឹកអាមេរិក រឹបអូសបានសម្ភារសឹករបស់អ៊ីរ៉ង់ ដែលលបញ្ជូនទៅឲ្យក្រុមឧទ្ទាមសម្រាប់ធ្វើសង្រ្គាម នៅក្នុងប្រទេសនេះ ។ កងទ័ពជើងទឹក និង​​ឆ្មាំការពារឆ្នេរសមុទ្ររបស់អាមេរិក បានរឹបអូសគ្រឿងបន្លាស់មីស៊ីលដ៏សំខាន់ទាំងនេះ ពីទូកតូចមួយ កាលពីថ្ងៃទី៤ ខែធ្នូ នៅក្នុងសមុទ្រអារ៉ាប់ ។

បើយោងតាមសេចក្ដីថ្លែងការណ៍នោះ មន្ទីរបញ្ចកោណ បានអះអាងថា កងនាវាចម្បាំងអាមេរិក បានរកឃើញគ្រឿងបន្លាស់មីស៊ីលទំនើបជាច្រើន នៅលើទូក ហើយការស៊ើបអង្កេតបឋម បានបង្ហាញថា សម្ភារសឹកទាំងនេះ មានប្រភពមកពីប្រទេសអ៊ីរ៉ង់ ។

មន្រ្តីអាមេរិក និយាយសុំលក្ខខណ្ឌអនាមិក បានឲ្យដឹងថា នាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវ USS Forrest Sherman បានឃាត់ទូកតូចមួយគ្រឿង និងអ្នកនៅលើទូកនោះ ។ បន្ទាប់មក​ កងទ័ពអាមេរិក ក៏បានបញ្ជូននាវិកទាំងនោះទៅប្រគល់ឲ្យឆ្មាំ ការពារ ឈូងសមុទ្ររបស់យេមែន ។ ចំណែកគ្រឿងសឹកទាំងនោះវិញ ក៏ត្រូវអាមេរិករឹបអូស​យក ។

មន្រ្ដីអាមេរិក បានបញ្ជាក់ថា អាវុធទាំងនោះ គឺស្ថិតនៅលើនាវាចម្បាំងរបសើអាមេរិក ។ ជាមួយ​គ្នានេះ អាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ ពីការរត់ពន្ធអាវុធដោយខុសច្បាប់ ដោយបានបញ្ជូនទៅឲ្យក្រុមឧទ្ទាមហ៊ូធី (Houthi) ដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលយេមែន ។

មន្រ្ដីអាមេរិក បានបន្ដថា ការរឹបអូសអាវុធទាំងនេះ បានកើតឡើង ចំពេល​លោក Mike Pompeo រដ្ឋមន្រ្ដីការបរទេសអាមេរិក បានទៅជួបពិភាក្សាជាមួយនឹងលោក Benjamin Netanyahu នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល ស្ដីអំពីបញ្ហាអ៊ីរ៉ង់ ។

ដោយឡែក លោក Netanyahu ក៏បានថ្លែងដែរថា ​ការដាក់ទណ្ឌកម្មរបស់អាមេរិក កំពុងតែបង្កើតបញ្ហានយោបាយ និងសេដ្ឋកិច្ចសម្រាប់ប្រទេសអ៊ីរ៉ង់ ។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី បានគាំទ្រដល់អាមេរិក ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលចុះហត្ថលេខា ដោយមហាអំណាចពិភពលោក និងអ៊ីរ៉ង់៕


ចែករំលែក៖