ភ្នំពេញ៖ រៀបការជាមួយមន្ត្រីមានមុខមាត់ម្នាក់ និងចេញទៅរស់នៅប្រទេសថៃអស់រយៈពេល ជាង ៣ ឆ្នាំ ថន តារា បានសម្រេចចិត្តបែកពីស្វាមីដើម្បីមកប្រកបរបរជំនួញនៅស្រុកខ្មែរវិញ ។ មកទឹកដីកំណើតលើកនេះនាងបង្ហើបថាគម្រោងវិលទៅជួបស្វាមីវិញអាច និងយូរៗម្តង ។
បង្ហាញវត្តមាននៅក្នុងស្រុកមិនបានប៉ុន្មានថ្ងៃផង អតីតតារាសម្តែង ថន តារា បានទិញរថយន្តទំនើបថ្មីមួយតម្លៃរាប់ម៉ឺនដុល្លារអាមេរិក ។ នៅពីក្រោយការវិលវិញនេះ ត្រូវបាននាងបញ្ជាក់ថា ដោយសារមករករបរទទួលទានថ្មីមួយនៅកម្ពុជា ប៉ុន្តែនាងស្នើមិនបញ្ជាក់អំពីជំនួញមួយនេះ ។ នាងថាដោយសារមានភាគហ៊ុនជាមួយបងប្អូន នាងក៏ត្រូវមកមើលការខុសត្រូវដោយផ្ទាល់ មិនអាចបណ្តោយបាន ។ នាងបញ្ជាក់ថា ជាជំនួញដែលមិនទុនច្រើនមែន ប៉ុន្តែនាង និងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីជំរុញឲ្យមុខរបរថ្មីនេះទទួលបានជោគជ័យ ។ ជុំវិញការបែកគ្នាមួយរយៈពីស្វាមី នាងលើកឡើងថា គឺជារឿងដែលមិនអាចខានបាន ហើយនាងក៏ចង់មានមុខរបរផ្ទាល់ខ្លួនជាជាងការពឹងអាស្រ័យលើស្វាមី ។ នាងថានៅឆ្ងាយពីគ្នាមែនប៉ុន្តែស្វាមីនាងតែងទំនាក់ទំនងឥតដាច់មករកនាងក្នុងមួយថ្ងៃៗដើម្បីដឹងពីសុខទុក្ខ ។ វ័យជាង៣០ឆ្នាំហើយ ថន តារាហាក់បង្ហាញពីអារម្មណ៍ខ្វល់ខ្វាយខ្លាំងដែរអំពីបញ្ហាមានកូនជាមួយស្វាមី ដែលនាងបញ្ជាក់ថា នៅតែមិនទាន់ទទួលដំណឹងល្អ ។ នាងថាកន្លងមកនាង និងស្វាមីបានព្យាយាស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីសម្រេចបំណងមួយនេះ ។
នាងបន្តទម្លាយថាវេជ្ជបណ្ឌិតថានាង និងស្វាមីមិនមែនមិនមានលទ្ធភាពបង្កកំណើតកូនរួមគ្នាទេ ប៉ុន្តែដោយសារបញ្ហាផ្លូវចិត្តដែលនាង និងស្វាមីចេះតែគិតច្រើនទើបមិនអាចឲ្យនាង និងស្វាមីសម្រេចបំណងបាន ។ នាងថាវិលមកជួបជុំគ្រួសារ ច្រើនគឺជាជម្រើសដែលនាងអាចធ្វើបានដើម្បីបន្លប់បញ្ហាគិតច្រើនមួយនេះ ហើយនាងនៅតែមិនអស់សង្ឃឹមដដែល ។
ជុំវិញការងារសិល្បៈវិញ ថន តារាលើកឡើងថា នាងមិនមានគម្រោងវិលរកការសម្តែងវិញនោះទេ ប៉ុន្តែប្រសិនបើការថតសិល្បៈមានរយៈពេលខ្លីគឺនាងអាចពិចារណាខ្លះដែរ ដោយនាងចង់ទុកពេលវេលាមើលការខុសត្រូវមុខជំនួញឲ្យបានជាប់លាប់ជាង ។
គួរបញ្ជាក់ដែរថា តារាសម្តែង និងពិធីការិនី ថន តារា បានធ្វើឲ្យគេភ្ញាក់ផ្អើលជាមួយ និងពិធីមង្គលការដ៏អធឹកអធមជាមួយ និងមន្ត្រីក្នុងជួររដ្ឋាភិបាល និងជាអ្នកជំនួញជនជាតិថៃ លោក ណាវៈរ៉ាត់យូបំារ៉ុង វ័យ៥២ឆ្នាំកាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៦ ។ ក្រោយរៀបការភ្លាមនាងបានចេញទៅរស់នៅជាមួយស្វាមីនៅប្រទេសថៃភ្លែតជាមួយនាងការលើកមុខមាត់ខ្លាំងពីស្វាមីនៅទីនោះ ៕ វឌ្ឍនា