ព័ត៌មានទាន់ហេតុការណ៍៖

ដឹកគោឆ្លងផ្លូវធ្វើឲ្យម៉ូតូមួយគ្រឿងបើកបុកបណ្ដាលឲ្យដួលបោកក្បាលស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ ដឹកគោឡើងមកពីបឹងវិញសំដៅមកផ្ទះ តាមណ្ដោយផ្លូវជាតិលេខ២១ ខណៈមកដល់ចំណុចកើតហេតុ បុរសខាងលើបានដឹកគោរបស់ខ្លួនឆ្លងផ្លូវ ភ្លាមនោះធ្វើឲ្យម៉ូតូមួយគ្រឿង បើកដោយល្បឿនលឿនឈប់មិនទាន់បានបុកគោ បណ្ដាលឲ្យដួល បោកទៅ និងផ្លូវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ញិល ខុំ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ។ ចំណែកឯម្ចាស់គោឈ្មោះ ប៉ឹង ហាំ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញ ម្ចាស់គោឈ្មោះ ប៉ឹង ហាំ បានដឹកគោរបស់ខ្លួនឡើងមកពីឲ្យស៊ីស្មៅនៅឯងបឹងវិញឡើងមកផ្ទះ ដោយដឹកតាមបណ្ដោយផ្លូវជាតិលេខ២១ លុះដឹកមកដល់ចំណុចកើតហេតុ ម្ចាស់គោបានបណ្ដើរគោឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ខណៈស្រាប់តែមានម៉ូតូមួយគ្រឿង បើកបរដោយឈ្មោះ ញិល ខុំ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន និងពុំបានប្រុងប្រយ័ត្នផងនោះ ក៏បានជ្រុលទៅបុកគោដែលកំពុងឆ្លងផ្លូវ បណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលទៅ និងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក បានចុះទៅដល់ចំណុចកើតហេតុ រួចពិនិត្យ វាស់វែងដោយបញ្ជាក់ថា ករណីនេះបង្កឡើងដោយអ្នកដឹកគោឆ្លងថ្នល់ រីឯអ្នកបើកបរម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបែបនេះ ។ បន្ទាប់ពីពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដោយឡែកសត្វគោ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាជាមួយម្ចាស់ឲ្យមើលថែជាបណ្ដោះអាសន្នសិន ៕ ស្អាងជ័យ


ចែករំលែក៖