ខេត្តកណ្ដាល៖ កុមារីម្នាក់ ប៊ិះនឹងត្រូវយុវជនល្មោភកាមរំលោភ បន្ទាប់ពីជិះកង់ទៅទិញសម្លរ ខណៈមកដល់កន្លែងស្ងាត់ស្រាប់តែយុវជនសង្ស័យចាប់យកទៅបម្រុងរំលោភ ចៃដន្យសំណាងល្អ ប្រជាពលរដ្ឋនៅក្បែនោះដឹង ក៏ជួយអន្តរាគមន៍ និងឃាត់ខ្លួនយុវជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។ ករណីនេះបានកើតឡើង នៅវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ ចត ចន្ថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រីឯកុមារីរងគ្រោះមានអាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ។ ជនសង្ស័យ និងកុមារីរងគ្រោះមានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ស្ត្រីឈ្មោះ គ្រី សារ៉ន ជាម្តាយុមារីរងគ្រោះបានប្រើកុមារទៅទិញសម្លរនៅផ្ទះឈ្មោះ អ៊ំ ភេទស្រី រកទិញសម្លរ ដើម្បីយកមកហូបបាយ ភ្លាមនោះកុមារីរងគ្រោះជិះកង់តែម្នាក់ឯងទិញសម្លរ លុះត្រឡប់មកវិញ ដល់កន្លែងស្ងាត់ ស្រាប់តែជនសង្ស័យជិះម៉ូតូកាត់តាមនោះឃើញ ក៍ទុកម៉ូតូគៀនផ្លូវ ហើយចាប់កុមារីរងគ្រោះអ៊ាវលើខ្នងដើរកាត់ព្រៃសំដៅទៅអាងហែលទឹក ។ នៅក្បែរនោះ ពេលទៅដល់ បានអ៊ាវបំរុងចូលក្នុងបន្ទប់ទឹក ដើម្បីធ្វើសកម្មភាពរំលោភ តែជនរងគ្រោះស្រែកយំខ្លាំងពេក ហើយបានឮដល់អ្នកមើលថែរអាងហែលទឹក ហើយក៏បានជួយកុមារីរងគ្រោះទាន់ពេល រួចចាប់ជនសង្ស័យប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលវិហារសួគ៌ ដើម្បីចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនចាប់ជនរងគ្រោះបំណងយកទៅរំលោភក្នុងបន្ទប់ទឹកប្រាកដមែន ៕ ស្អាងជ័យ