ព័ត៌មានទាន់ហេតុការណ៍៖

ប្រើដុំថ្ម និងដែកបំពង់ទីប វាយគ្នាផ្អើលសមត្ថកិច្ចខណ្ឌមានជ័យ ចុះជួយអន្តរាគមន៍ទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖ ជនរងគ្រោះ២នាក់ ម្នាក់រងរបួសរយៈមុខ និងម្នាក់ទៀតបានរត់ចោលម៉ូតូ ខណៈក្មេងស្ទាវមួយក្រុម ដេញវាយគ្នាទៅវិញទៅមកដោយប្រើដុំថ្ម និងដែកបំពង់ទីប បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលខណ្ឌមានជ័យចុះទៅជួយធ្វើអន្តរាគមន៍ភ្លាមៗ ប៉ុន្តែភាគីជនបង្កនាំគ្នាគេចខ្លួនបាត់អស់ បន្សល់ទុកតែជនរងគ្រោះដូចគ្នានៅកន្លែងកើតហេតុ ។

ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ទល់មុខអតីតរោងចក្រ ស៊ីឡាំងហួរ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីភាគីម្ខាងដែលរងរបួសសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងធ្វើការក្នុងរោងចក្រ រួចក៏បានដើរចេញមកក្រៅ ដើម្បីទិញបារីជក់ លុះចេញមកដល់ខាងក្រៅ ស្រាប់តែមានមនុស្សមួយក្រុមបានដេញវាយគាត់ ដោយមិនដឹងមូលហេតុ និងធ្វើឲ្យគាត់រងរបួសរយះមុខខាងឆ្វេង ភ្លាមនោះគាត់បានរត់ទៅហៅគ្នានៅក្នុងរោងចក្រ ឲ្យមកជួយពេលចេញមកវិញ ភាគីបង្កបាននាំគ្នារត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកម៉ូតូធំ១គ្រឿង ក៏អូសយកមកដាក់នៅមុខរោងចក្រតែម្តង ។

បើតាមប្រភពព័ត៍មានពីម្ចាស់ម៉ូតូធុនធំ ដែលក្រុមជនរងគ្រោះចោទថាជាក្រុមជនដៃដល់ បានរៀបរាប់នៅចំពោះមុខសមត្ថកិច្ច និងប្រជាពលរដ្ឋថា គាត់មិនមែនជាក្រុមជនដៃដល់នោះទេ ហើយគាត់ក៏ជាជនរងគ្រោះដែរ គឺនៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូធុនធំមួយគ្រឿងម៉ាកយ៉ាម៉ាហា MSLAS មកទិញសាច់កាប់នៅមុខរោងចក្រខាងលើ ស្រាប់តែឃើញមានក្មេងស្ទាវមួយក្រុមកំពុងតែវាយគ្នា ហើយបានគប់ដុំថ្ម បណ្តាលឲ្យត្រូវម៉ូតូរបស់គាត់ ទើបគាត់ភ័យពេកក៏ផ្តួលម៉ូតូចោល រត់យករួចខ្លួនតែម្តង ។

ប្រភពដដែលបន្តថា លុះពេលដែលគាត់ត្រលប់មករកម៉ូតូវិញ ស្រាប់តែឃើញម៉ូតូរបស់គាត់ត្រូវភាគីម្ខាងទៀត(រងគ្រោះ)អូសយកម៉ូតូរបស់គាត់ទៅទុកនៅមុខរោងចក្រ ទើបគាត់ទៅសុំឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន២ ជួយធ្វើអន្តរាគមន៍ផងដែរ ។ ភ្លាមនោះកម្លាំងនគរបាលបានហៅភាគីទាំងសងខាង ទៅសាកសួរនៅប៉ុស្តិ៍នគរបាលបឹងទំពុន២ ដើម្បីសួររកខុសត្រូវ ។

ក្រោយកើតហេតុ ភាគីទាំងសងខាងដោយមិនចង់មានរឿងវែងឆ្ងាយ ក៏សុំសមត្ថកិច្ចសម្របសម្រួលគ្នាដោយគ្មានអ្នកណាប្តឹងអ្នកណានោះទេ ទើបសមត្ថកិច្ចក៏ព្រមធ្វើកិច្ចសន្យាអប់រំ និងហៅអានាព្យាបាលឲ្យមកធានារួច ទើបឲ្យត្រឡប់ទៅផ្ទះវិញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖